ក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសហ្វាំងឡង់នៅថ្ងៃពុធនេះ បានកោះអញ្ជើញភារធារីរបស់រុស្ស៊ីមកពិភាក្សា មួយថ្ងៃបន្ទាប់ពីយន្តហោះយោធារុស្ស៊ីមួយគ្រឿង ត្រូវបានគេសង្ស័យថា បានរំលោភលើដែនអាកាសរបស់ប្រទេសនេះ។
ក្រសួងការពារជាតិហ្វាំងឡង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនជឿថា យន្តហោះយោធារុស្ស៊ី បានបំពានដែនអាកាសហ្វាំងឡង់ នៅឯឆ្នេរសមុទ្រ Porvoo ភាគខាងកើតនៃរដ្ឋធានី Helsinki។
ក្រសួងការបរទេស បានបញ្ជាក់ថា ខ្លួននឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត បន្ទាប់ពីកិច្ចពិភាក្សា។

ឧបទ្ទវហេតុនេះ បានកើតឡើង ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឧប្បត្តិហេតុស្រដៀងគ្នានេះ ក៏មានការកោះអញ្ជើញតំណាងការទូតរបស់រុស្ស៊ីផងដែរ។
ប្រទេសហ្វាំងឡង់ ដែលបានចូលរួមជាមួយអង្គការណាតូ ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីការលុកលុយពេញបន្ទុករបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន កាលពីឆ្នាំមុននោះ មានព្រំដែន ១.៣៤០ គីឡូម៉ែត្រ (៨៣០ ម៉ាយ) ជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិលោក Antti Hakkanen បាននិយាយអំពីឧបទ្ទវហេតុកាលពីថ្ងៃអង្គារថា៖«ការស៊ើបអង្កេតលើការរំលោភដែនអាកាសដែលត្រូវបានចោទប្រកាន់ត្រូវបានចាប់ផ្តើមភ្លាមៗ» ដោយបន្ថែមថា ឆ្មាំឆ្នេរសមុទ្រ នឹងដឹកនាំការស៊ើបអង្កេតនេះ។
