បាល់ទាត់៖ ក្រុមកំពូលតារាង Manchester City បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបអេស្ប៉ាញ Barcelona ហើយក្នុងផ្ទេរខ្សែប្រយុទ្ធអេស្ប៉ាញ Ferran Torres ទៅកាន់ទឹកដី Camp Nou។ តម្លៃនៃការផ្ទេរនេះត្រូវបានគេដឹងថា Barcelona ត្រូវចំណាយ ៥៥លានអឺរ៉ូ និងប្រាក់បូកបន្ថែមផ្សេងទៀត ១០លានអឺរ៉ូក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ។

ក្លិបអេស្ប៉ាញដែលកំពុងមានវិបត្តិហិរញ្ញវត្ថុមួយនេះ នៅតែមានលទ្ធភាពក្នុងការចំណាយ បន្ទាប់ពីទទួលបានកម្ចីបន្ថែមពីធនាគារ។ យ៉ាងណាក្តី Barcelona នឹងមិនអាចដាក់បញ្ចូលឈ្មោះ Ferran Torres ក្នុងបញ្ជីកីឡាកររបស់ក្លិបបានឡើយ ដរាបណាក្លិបលក់ចេញកីឡាករមួយវិញដើម្បីបំពេញតាមលក្ខខណ្ឌរបស់ La Liga។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួនសរុប ៤៣ប្រកួត និងស៊ុតបញ្ចូលទី ១៦គ្រាប់ឱ្យ Manchester City តាំងពីផ្លាស់ពី Valencia នៅខែសីហា ឆ្នាំ២០២០។
Ferran Torres បានចូលលេង ៦ប្រកួតដំបូងនៅ Premier League ឱ្យ Manchester City មុនពេលដែលមានរបួសជើងពេលជួយក្រុមជំរើសជាតិអេស្ប៉ាញ។ Torres ក៏បានប្រាប់ទៅ Pep Guardiola ថា គេចង់ចាកចេញផងដែរដើម្បីធានាបានការលេងដែលទៀងទាត់មួយ ស្របពេលឱកាសមិនសូវមាននៅ Etihad ក្នុងតំណែងដ៏ចង្អៀតប្រជែងជាមួយ Bernado Silva, Jack Grealish, Riyad Mahrez, Gabriel Jesus, Phil Foden និង Raheem Sterling ជាដើម៕
អត្ថបទ៖នាង សុភាវុធ