ឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា កិច្ចពិភាក្សា រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្ដីពីការដោះស្រាយបញ្ហា នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំង២ នឹងផ្លាស់ពីទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសទួរគីទៅទីក្រុងមូស្គូវិញ។
ឯកអគ្គរដ្ឋទូត លោក Alexander Darchiev បានប្រាប់សារព័ត៌មាន TASS ថា «ការស្តារឡើងវិញនូវទំនាក់ទំនងរុស្ស៊ី-អាមេរិក គឺស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយណាស់» ដោយបន្ថែមថា ការជុសជួលទំនាក់ទំនងឡើងវិញជាមួយទីក្រុងមូស្គូនេះ កំពុងត្រូវបានពន្យឺតដោយអ្វីដែលត្រូវបានហៅថា «ការមានឥទ្ធិពលលាក់មុខកប់ជ្រៅ» របស់សហរដ្ឋអាមេរិក និង «ក្រុមអ្នកនយោបាយ» ប្រឆាំងរុស្ស៊ី នៅក្នុងសភា។

លោក Darchiev ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «ខ្ញុំអាចបញ្ជាក់បានថា ការចរចាបន្ទាប់នៃគណៈប្រតិភូប្រទេសទាំង២ នឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខ នៅទីក្រុងមូស្គូ»។
គួរបញ្ជាក់ថា សង្គ្រាម នៅប្រទេសអ៊ុយក្រែន បានបង្កឲ្យមានការប្រឈមដាក់មុខគ្នាខ្លាំងបំផុតជាលើកដំបូង រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីមានភាពតានតឹងខ្លាំងបំផុត ក្នុងសម័យសង្រ្គាមត្រជាក់។ អ្នកការទូតជាន់ខ្ពស់ ទាំងនៅទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បានប្រាប់សារព័ត៌មាន Reuters នៅឆ្នាំ២០២៤ ថា ប្រទេសទាំង២ មិនអាចមើលឃើញនូវទំនាក់ទំនងអាក្រក់បំផុតជាងនេះបានឡើយ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកជម្លោះអ៊ុយក្រែនជាសង្រ្គាមប្រូកស៊ី រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយលោក Trump បានព្រមានម្តងហើយម្តងទៀត អំពីហានិភ័យដែលរាលដាលទៅជាសង្រ្គាមលោក៕
