រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ឯក Aziz Nasirzadeh បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយអះអាងថា ប្រសិនបើជម្លោះប្រដាប់អាវុធជាមួយសហរដ្ឋអាមេរិក ផ្ទុះឡើង អ៊ីរ៉ង់នឹងកំណត់គោលដៅមូលដ្ឋានយោធាទាំងអស់របស់ប្រទេសនេះ នៅទូទាំងមជ្ឈឹមបូព៌ា។
លោក Nasirzadeh បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា៖«អ្នកតំណាងអាមេរិកមួយចំនួនកំពុងគំរាមកំហែងថា ប្រសិនបើការចរចា បរាជ័យ វាអាចកើតឡើងជាជម្លោះបើកចំហ»។ «ខណៈពេលដែលខ្ញុំ នៅតែមានសង្ឃឹមសម្រាប់ដំណោះស្រាយការទូតដ៏ជោគជ័យមួយ យើងត្រៀមខ្លួនសម្រាប់សេណារីយោណាមួយ។ ប្រសិនបើជម្លោះ កើតឡើងលើពួកយើង សត្រូវនឹងប្រឈមមុខនឹងការខាតបង់កាន់តែ ច្រើន។ ក្នុងករណីបែបនេះ សហរដ្ឋអាមេរិក នឹងត្រូវបង្ខំឲ្យដកខ្លួនចេញពីតំបន់។ មូលដ្ឋានទ័ពអាមេរិកទាំងអស់ ស្ថិតនៅក្នុងដៃរបស់យើង ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារលើទឹកដីនៃប្រទេសដែលពួកគេ ស្ថិតនៅនោះទេ។

យោងតាមលោក Nasirzadeh បានឲ្យដឹងថា នាពេលថ្មីៗនេះ អ៊ីរ៉ង់បានធ្វើការសាកល្បងមីស៊ីលដែល បំពាក់ក្បាលគ្រាប់ ២តោន ដោយបញ្ជាក់ពីសមត្ថភាពដ៏ទូលំទូលាយនៃកងកម្លាំងប្រតិបត្តិការរបស់ខ្លួន។ លោក Nasirzadeh បានសង្កត់ធ្ងន់ថា៖«យើងនឹងមិនទទួលយកការរឹតបន្តឹងណាមួយឡើយ ហើយគ្មាននរណាម្នាក់ មានសិទ្ធិចរចាក្នុងរឿងនេះទេ»។
សហរដ្ឋអាមេរិក រក្សាបាននូវបណ្តាញសកលនៃមូលដ្ឋានយោធាប្រមាណ ១.000 កន្លែង ដែលមានបុគ្គលិកអាមេរិកជាង ១៧០.000នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជាង ៨០។ ទាហានអាមេរិកភាគច្រើន ឈរជើងនៅប្រទេសជប៉ុន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង។ នៅមជ្ឈិមបូព៌ា ទីតាំងយោធារបស់សហរដ្ឋអាមេរិក មាននៅប្រទេសបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម អូម៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងស៊ីរី។
