យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី១១ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានផ្អាកការផ្សាយតាមឧបករណ៍បំពងសំឡេង នៅជិតព្រំដែន ដែលជាយុទ្ធនាការផ្តោតលើកូរ៉េខាងជើង ដោយការសម្រេចនេះកើមានឡើងក្នុងរយៈពេលជិត ១ឆ្នាំបន្ទាប់ពីបានការចាប់ផ្ដើមឡើងវិញនូវការឃោសនា និងការចាក់បទចម្រៀង K-pop (ខេប៉ុប) ឮខ្លាំងៗ ក្នុងអំឡុងពេលមានភាពតានតឹងខ្លាំងឡើងៗជាមួយប្រទេសជិតខាងរបស់ខ្លួន។
ជំហាននេះបំពេញតាមការសន្យារបស់ប្រធានាធិបតី លោក Lee Jae-myung ដែលបានចូលកាន់តំណែង ក្នុងខែនេះ ដោយប្តេជ្ញាបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ផ្អាកការផ្សាយតាមឧបករណ៍បំពងសម្លេង និងស្ដារកិច្ចព្រមព្រៀងយោធាដែលត្រូវបានផ្អាកជាមួយទីក្រុងព្យុងយ៉ាង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា វិធានការនេះមានគោលបំណង «បំពេញតាមការសន្យា ចំពោះសាធារណជន ក្នុងការស្ដារឡើងវិញនូវទំនុកចិត្ត ក្នុងទំនាក់ទំនងអន្តរកូរ៉េ និងសន្តិភាព នៅឧបទ្វីបកូរ៉េ»។
នៅមុននេះ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សម្តីមន្ត្រីយោធាម្នាក់ ដែលបាននិយាយថា «ការផ្សាយតាមឧបករណ៍បំពងសំឡេង ត្រូវបានផ្អាក បន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំជាន់ខ្ពស់»។
បន្ទាប់ពីស្បថចូលកាន់តំណែង លោក Lee បាននិយាយថា សន្តិសុខល្អបំផុត គឺសន្តិភាព ដោយមិនចាំបាច់មានការប្រយុទ្ធគ្នា ដោយសំដៅទៅលើទំនាក់ទំនងដ៏ហិង្សាជាញឹកញាប់របស់កូរ៉េខាងត្បូងជាមួយប្រទេសគូអរិ និងជាអ្នកជិតខាងរបស់ខ្លួនមួយនេះ៕