ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ជនប៉ាឡេស្ទីនដែលព្យាយាមទទួលជំនួយនៅតំបន់ហ្កាហ្សា បានរងការបាញ់ប្រហារម្តងទៀតកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣៦នាក់ និងមនុស្ស ២០៧នាក់ផ្សេងទៀត រងរបួស ។
ក្រុមអ្នកជំនាញ និងក្រុមការងារជំនួយមនុស្សធម៌ និយាយថា ការបិទច្រក និងយុទ្ធនាការសឹករយៈពេល ២០ខែរបស់អ៊ីស្រាអែល បានធ្វើឲ្យតំបន់ហ្កាហ្សា ស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ។
មនុស្សយ៉ាងហោច ១៦៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១.៤៩៥នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារច្រើនលើកនៅជិតទីតាំងជំនួយគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។
អ៊ីស្រាអែលទទួលស្គាល់ការបាញ់ព្រមានច្រើនលើកលើមនុស្សដែលពួកគេនិយាយថា បានព្យាយាមមកជិតកងកម្លាំងរបស់ពួកគេ ។
មូលនិធិមនុស្សធម៌ហ្កាហ្សា និយាយថា គ្មានអំពើហិង្សានោះទេនៅក្នុង ឬនៅជុំវិញទីតាំងចែកចាយជំនួយ ប៉ុន្តែពួកគេបានព្រមានឲ្យមនុស្សបន្តនៅផ្លូវចែកចាយជំនួយបានកំណត់ ហើយពួកគេបានផ្អាកការចែកចាយជំនួយកាលពីសប្តាហ៍មុន ៕