ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោកនឹងអនុម័តយល់ព្រមលើបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប (EU) ក្នុងការហាមប្រាមមិនឲ្យប្រើប្រាស់បណ្ដាញសង្គម សម្រាប់ក្មេងអាយុក្រោម ១៥ឆ្នាំ បន្ទាប់ពីមានហេតុការណ៍ចាក់សម្លាប់យ៉ាងសាហាវ ក្នុងសាលារៀនមួយ នៅភាគខាងកើតនៃប្រទេសបារាំង ជាការវាយប្រហារដ៏ឃោរឃៅចុងក្រោយបង្អស់ដែលបានធ្វើឲ្យប្រទេសនេះមានតក់ស្លុត។
ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍មួយកាលពីល្ងាចថ្ងៃអង្គារ (ទី១០ ខែមិថុនា) លោក Macron បាននិយាយថា លោកសង្ឃឹមថា នឹងឃើញលទ្ធផលក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើវាមិនដំណើរការទេ យើងនឹងចាប់ផ្តើមធ្វើវានៅប្រទេសបារាំង។ យើងមិនអាចរង់ចាំបានទៀតទេ»។
គួរបញ្ជាក់ថា នគរបាលបានសាកសួរសិស្សអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃអង្គារ ពាក់ព័ន្ធនឹងការចាក់ដោយកាំបិត រហូតបណ្ដាលឲ្យជំនួយការសាលាអាយុ ៣១ឆ្នាំម្នាក់ស្លាប់ អំឡុងពេលឆែករកអាវុធក្នុងការបូប នៅខាងក្រៅទ្វារសាលា។
នាយករដ្ឋមន្ត្រីលោក Francois Bayrou បានប្រាប់សភាថា ឧបទ្ទវហេតុនេះមិនមែនជាករណីដាច់ដោយឡែកនោះឡើយ។ លោក Macron បានបញ្ជាក់ថា បណ្ដាញសង្គម គឺជាកត្តាមួយ ក្នុងចំណោមកត្តាជាច្រើនដែលមានចំណែករួមនាំឲ្យមានអំពើហិង្សាក្នុងចំណោមយុវជន។
ដោយសរសេរនៅលើបណ្ដាញសង្គម X បន្ទាប់ពីចប់បទសម្ភាសន៍នោះ លោក Macron បានសង្កត់ធ្ងន់ថា បទប្បញ្ញត្តិបែបនេះត្រូវបានគាំទ្រដោយអ្នកជំនាញ ដោយលោកបានបន្ថែមថា៖ «កម្មវិធីរបស់បណ្ដាញសង្គមនានា មានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់អាយុ។ សូមអនុវត្តវា»៕