យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋ បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក He Lifengគឺជាឧបនាយករដ្ឋមន្រ្តីចិន និងជាអ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់ បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការឲ្យទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ពង្រឹងកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយការភ័ន្តច្រឡំគ្នា នៅក្នុងកិច្ចប្រជុំនាពេលអនាគត បន្ទាប់ពីកិច្ចប្រជុំពាណិជ្ជកម្មនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ។
រដ្ឋមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Howard Lutnick បានបង្ហាញសុទិដ្ឋិនិយម ក្រោយកិច្ចចរចារយៈពេល ១ថ្ងៃពេញថា ក្តីកង្វល់ជុំវិញរ៉ែដីកម្រ និងលោហៈ នឹងត្រូវដោះស្រាយតាមក្រោយ នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានអនុវត្ត ។
ក្រុមមន្រ្តីនិយាយនៅដំណាច់កិច្ចប្រជុំថា ប៉ុន្តែកិច្ចព្រមព្រៀងគោល ត្រូវការអនុម័តដំបូងដោយក្រុមមេដឹកនាំនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ។
ក្រសែភ្នែកទាំងអស់ផ្តោតសំខាន់លើលទ្ធផលនៃកិច្ចចរចា ស្របពេលភាគីទាំង ២ ព្យាយាមជំនះភាពជាប់គាំងលើការរឹតត្បិតការនាំចេញ ។ កាលពីមុនក្រុមមន្រ្តីសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំងថាអនុម័តយឺតយ៉ាវការដឹកជញ្ជូនរ៉ែដីកម្រ ៕