
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា កិច្ចព្រមព្រៀងសហរដ្ឋអាមេរិកជាមួយចិន បានធ្វើរួចហើយ ក្នុងនោះទីក្រុងប៉េកាំង នឹងផ្គត់ផ្គង់លោហៈ និងរ៉ែដីកម្រ ខណៈទីក្រុងវ៉ាស៊ីនតោនអនុញ្ញាតឲ្យនិស្សិតចិន ចូលរៀននៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់ខ្លួន ។
លោក Trumpសរសេរនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា ពួកយើងទទួលបានពន្ធសរុប ៥៥ភាគរយ ខណៈចិនទទួលបាន ១០ភាគរយ ។ ទំនាក់ទំនងនេះ ពិតជាល្អប្រសើរខ្លាំងណាស់ ។
លោកបន្តថា ដូចគ្នានោះដែរ ពួកយើងនឹងផ្តល់ជូនចិននូវអ្វីដែលបានយល់ព្រម រួមទាំងនិស្សិតចិនប្រើប្រាស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់ពួកយើង ។
សូមបញ្ជាក់ថា បញ្ហាការនាំចេញរ៉ែដីកម្រ បានក្លាយជាចំណុចខ្ទាស់ដ៏សំខាន់នៅក្នុងកិច្ចចរចានៅទីក្រុងឡុងដ្រ៍ កាលពីដើមសប្តាហ៍នេះ ។
លោក Trump និយាយថា កិច្ចព្រមព្រៀងនេះ គឺជាកម្មវត្ថុនៃការអនុម័តចុងក្រោយ ដោយរូបលោក និងលោកប្រធានាធិបតី Xi Jinping ៕