នាយករដ្ឋមន្រ្តី លោក Robert Fico បាននិយាយថា ប្រទេសស្លូវ៉ាគីនឹងមិនគាំទ្រកញ្ចប់ទណ្ឌកម្មទី១៨ របស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ីនោះទេ លុះត្រាណាតែគណៈកម្មការអឺរ៉ុបផ្តល់ដំណោះស្រាយចំពោះស្ថានភាពដែលប្រទេសនេះប្រឈមជាមួយ ជាពិសេសប្រសិនបើប្លុកនេះបញ្ឈប់ការនាំចូលថាមពលរុស្ស៊ីតាមការគ្រោងទុក។
កាលពីថ្ងៃអង្គារ (ទី១០ ខែមិថុនា) គណៈកម្មាការបានស្នើនូវកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយសារការលុកលុយអ៊ុយក្រែន ដែលចាប់ផ្ដើមឡើងកាលពីជាង ៣ឆ្នាំមុន ដោយផ្តោតលើប្រាក់ចំណូលថាមពលរបស់ទីក្រុងមូស្គូ ធនាគារ និងឧស្សាហកម្មយោធារបស់ប្រទេសនេះ។
លោក Fico បានរិះគន់ផែនការដាច់ដោយឡែកមួយរបស់ EU ពាក់ព័ន្ធនឹងបញ្ឈប់ការនាំចូលឧស្ម័នរបស់រុស្ស៊ី និងថាមពលផ្សេងទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះដែលនាយកប្រតិបត្តិ EU បានប្រកាសកាលពីខែមុន ដោយហៅវិធានការនេះថា ជា «ការសម្លាប់សេដ្ឋកិច្ច»។
បណ្តាប្រទេស EU នឹងចាប់ផ្តើមពិភាក្សាលើសំណើដាក់ទណ្ឌកម្ម នៅសប្តាហ៍នេះ ដែលទាមទារឲ្យមានការព្រមព្រៀងជាឯកច្ឆន្ទ នៅក្នុងប្លុកនេះ។
កាលពីល្ងាចថ្ងៃអង្គារ លោក Fico បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា៖ «ប្រទេសស្លូវ៉ាគីនឹងមិនគាំទ្រកញ្ចប់ទណ្ឌកម្មលើកទី១៨ នាពេលខាងមុខប្រឆាំងនឹងរុស្ស៊ីទេ លុះត្រាតែគណៈកម្មការអឺរ៉ុបផ្តល់ដំណោះស្រាយពិតប្រាកដ ចំពោះវិបត្តិដែលស្លូវ៉ាគីនឹងមើលឃើញស្ថានភាពខ្លួនឯងបន្ទាប់ពីការបញ្ចប់ការផ្គត់ផ្គង់ឧស្ម័ន ប្រេង និងឥន្ធនៈនុយក្លេអ៊ែរពីរុស្ស៊ី»៕