យោងតាមបទសម្ភាសន៍ចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកមានការជឿជាក់តិចតួចប៉ុណ្ណោះថា អ៊ីរ៉ង់នឹងយល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។
តបទៅនឹងការគំរាមរបស់អាមេរិក អ៊ីរ៉ង់ បានគំរាមបកវិញពីការវាយប្រហារលើមូលដ្ឋាទ័ពអាមេរិកក្នុងតំបន់ បើជម្លោះយោធាកើនឡើង ហើយបើការចរចានុយក្លេអ៊ែរបរាជ័យ ។

លោក Trump បានប្រាប់កម្មវិធី "Pod Force One"របស់សារព័ត៌មានNew York Post កាលពីថ្ងៃចន្ទសប្ដាហ៍នេះ នៅពេលសួរថាតើរូបលោកគិតថាលោកអាចធ្វើឱ្យអ៊ីរ៉ង់យល់ព្រមបិទទ្វារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរទេ លោកបានឆ្លើយថា លោកមិនដឹងទេ។លោកបានគិតដូច្នេះ ហើយលោកមានទំនុកចិត្តកាន់តែតិច។
ការថ្លែងរបស់លោកបានកើតឡើងនៅមុនការគ្រោងទុកជុំទីប្រាំមួយនៃកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-អាមេរិក ដែលនឹងកើតឡើងនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។

លោក Trump បាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដើម្បីដាក់កម្រិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានគំរាមទីក្រុងតេអេរ៉ង់ ជាមួយនឹងការទម្លាក់គ្រាប់បែក ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចទេនោះ។
លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទថាលោកបានពិភាក្សាបញ្ហាអ៊ីរ៉ង់ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ហើយបាននិយាយថាការពិភាក្សាជាមួយអ៊ីរ៉ង់គឺលំបាក ។ អ៊ីស្រាអែលកំពុងទទូចថា កិច្ចព្រមព្រៀងណាមួយត្រូវរួមបញ្ចូលទាំងការបិទទាំងស្រុងនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់។
លោក Trump បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអែរឡើយ ទោះបីជាកិច្ចព្រមព្រៀងត្រូវបានសម្រេចឬអត់ក៏ដោយ។ លោកថាប៉ុន្តែវានឹងល្អជាងក្នុងការធ្វើកិច្ចការនេះ ដោយគ្មានសង្គ្រាម និងគ្មានមនុស្សស្លាប់ យ៉ាងណា លោកគិតថាលោកមើលមិនឃើញកម្រិតនៃយល់ព្រមសម្រាប់ពួកគេក្នុងការធ្វើកិច្ចព្រមព្រៀងនោះទេ៕