មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាសថា បានវាយប្រហារលើរថយន្តក្រុងដឹកសមាជិករបស់ខ្លួនដែលកំពុងធ្វើដំណើរដើម្បីទៅចែកចាយជំនួយ ដោយនិយាយថាមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅប្រហែលម៉ោង១០យប់ម៉ោងក្នុងស្រុក រថយន្តក្រុងមួយគ្រឿងដឹកសមាជិកជាង២០នាក់នៃក្រុមមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា ត្រូវបានវាយប្រហារយ៉ាងឃោឃៅដោយក្រុមហាម៉ាស។

សេចក្តីថ្លែងការណ៍បានសរសេរថា «យើងនៅតែប្រមូលការពិត ប៉ុន្តែអ្វីដែលយើងដឹងគឺការបំផ្លិចបំផ្លាញ ដោយយ៉ាងហោចណាស់មានអ្នកស្លាប់៥នាក់ រងរបួសច្រើននាក់ និងមានការបារម្ភថាសមាជិកក្រុមរបស់យើងមួយចំនួនអាចត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។ នៅក្នុងសារអេឡិចត្រូនិក ទៅកាន់សារព័ត៌មាន AFP ក្រុមនេះបាននិយាយថា អ្នកដំណើរទាំងអស់នៅលើរថយន្តក្រុង គឺជាជនជាតិប៉ាឡេស្ទីន ហើយទាំងអស់គ្នាគឺជាបុគ្គលិកផ្តល់ជំនួយ។ ពួកគេកំពុងធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលចែកចាយជំនួយរបស់មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF) នៅទីក្រុង Khan Younis ភាគខាងលិច។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យើងថ្កោលទោសការវាយប្រហារដ៏ឃោរឃៅ និងធ្វើឡើងដោយចេតនានេះ នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត»។