ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (១១ មិថុនា) ថា លោកមានឆន្ទៈក្នុងការយល់ព្រមពន្យារពេលថ្ងៃផុតកំណត់ទី០៨ ខែកក្កដា សម្រាប់ការបញ្ចប់កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសនានា មុនពេលពន្ធខ្ពស់ៗរបស់សហរដ្ឋអាមេរិកចូលជាធរមាន ប៉ុន្តែលោកក៏គិតថា រឿងនោះគឺមិនចាំបាច់ឡើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនការសម្តែងមួយនៅសាលមហោស្រព Kennedy លោក Trump បាននិយាយថា កិច្ចចរចាពាណិជ្ជកម្មកំពុងបន្តជាមួយប្រទេសប្រហែល១៥ រួមទាំងកូរ៉េខាងត្បូង ជប៉ុន និងសហភាពអឺរ៉ុប។ លោកបន្តថា អាមេរិក នឹងផ្ញើលិខិតក្នុងពេល មួយទៅពីរសប្តាហ៍ខាងមុខ ដែលបង្ហាញពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅកាន់ប្រទេសរាប់សិបផ្សេងទៀត ដែលពួកគេអាចទទួលយកបាន ឬក៏បដិសេធ។
គួរឱ្យដឹងថា លោក Trump បានដាក់ថ្ងៃកំណត់ចរចានៅខែកក្កដា បន្ទាប់ពីការផ្អាកពន្ធ "បដិការ" ពីរខ្ទង់លើប្រទេសជាង៦០ ក្នុងខែមេសា។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះបានគំរាមដាក់ពន្ធនោះឡើងវិញនៅថ្ងៃទី០៩ ខែកក្កដា ប្រសិនបើប្រទេសផ្សេងទៀតមិនយល់ព្រមទម្លាក់របាំងពាណិជ្ជកម្មរបស់ខ្លួន និងដោះស្រាយកង្វល់ផ្សេងទៀតរបស់រដ្ឋបាលអាមេរិកទេនោះ។
ការផ្អាកនេះបាននាំឱ្យមេដឹកនាំបរទេសដែលកំពុងស្វែងរកការចរចាពន្ធ ដើរទៅរកសេតវិមានដើម្បីពិភាក្សា ប៉ុន្តែទោះជាមានការសន្យា "កិច្ចព្រមព្រៀង៩០ ក្នុងពេល ៩០ថ្ងៃ" ក្ដី ក៏រហូតមកទល់ពេលនេះ សេតវិមានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នតែមួយគត់គឺជាមួយចក្រភពអង់គ្លេស៕

