ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង១២០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ រួមទាំងអ្នកស្វែងរកជំនួយដែលស្រេកឃ្លានរាប់សិបនាក់ផងដែរ ខណៈអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកឥតឈប់ឈរលើដែនដី ត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ហើយចំនួនអ្នកស្លាប់ដោយសារសង្រ្គាមសរុបឥឡូវនេះបានកើនលើសពី៥៥.០០០នាក់។

ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា មនុស្ស៥៧នាក់ដែលព្យាយាមទទួលជំនួយត្រូវបានសម្លាប់ និង៣៦៣នាក់រងរបួសដោយអ៊ីស្រាអែល ចាប់តាំងពីព្រឹកថ្ងៃពុធសប្ដាហ៍នេះមក។ ចំណុចចែកចាយជំនួយនានាត្រូវបានដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)ដ៏ចម្រូងចម្រាស គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់ គ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយអ៊ីស្រាអែល។
ក្រសួងការបរទេសរបស់អ៊ីស្រាអែលបានហៅប្រព័ន្ធជំនួយ GHF ថាជា ជោគជ័យយ៉ាងខ្លាំង ទោះបីជាមានការសម្លាប់រង្គាល និងស្ថានភាពនៃភាពអស់សង្ឃឹមរបស់មនុស្សទាំងស្រុង ដែលបង្កឱ្យមានការរិះគន់ជាអន្តរជាតិយ៉ាងទូលំទូលាយក៏ដោយ។
កន្លែងផ្តល់ជំនួយដាច់ដោយឡែក បង្កើតឡើងនៅទីក្រុង Rafah និងនៅច្រករបៀង Netzarim ត្រូវបានគេហៅថាជា "កន្លែងសត្តឃាតមនុស្ស" ដោយមនុស្សជាង២២០នាក់ត្រូវបានសម្លាប់ ខណៈកំពុងព្យាយាមយ៉ាងអស់សង្ឃឹមទទួលជំនួយអាហារតិចតួចសម្រាប់គ្រួសាររបស់ពួកគេចាប់តាំងពីមូលនិធិនេះបានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃទី២៧ ខែឧសភា។
កងទ័ពអ៊ីស្រាអែលបានសារភាពថា កងទ័ពរបស់ខ្លួនបានបាញ់ជាការបាញ់ព្រមាន ក្នុងតំបន់នៃច្រករបៀង Netzarim ជាទីដែលអ្នកស្វែងរកជំនួយភាគច្រើនត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងពេលត្រឹមមួយយប់៕

