មហាសេដ្ឋីពិភពជំនួញ លោក Elon Musk បានដកថយពីការជីកកកាយរិះគន់ដែលលោកធ្វើទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីការផ្សះផ្សារទូលំទូលាយពីក្រុមមន្ត្រីរដ្ឋបាល ខណៈលោក Musk បាននិយាយនៅថ្ងៃពុធ (១១ មិថុនា) ថា រូបលោកផ្ទាល់បានធ្វើ "ជ្រុលពេកហើយ"។

នាយកប្រតិបត្តិរបស់ Tesla និង SpaceX រូបនេះ បានសម្តែងការស្ដាយក្រោយ បន្ទាប់ពីសង្រ្គាមពាក្យសម្ដីយ៉ាងក្ដៅគគុកកាលពីសប្តាហ៍មុន នៅលើបណ្ដាញសង្គមរៀងៗខ្លួនទៅវិញទៅមករវាងភាគីទាំងពីរ ដោយលោក Musk បានហៅសំណើកាត់ពន្ធ និងការចំណាយរបស់លោក Trump ថាជា "រឿងគួរឱ្យស្អប់ខ្ពើម" ចំណែកលោក Trump ក៏បានវាយបកវិញយ៉ាងចាស់ដៃ ដែលនាំឱ្យមានជម្លោះជាហូរហែ។
លោក Musk បានសរសេរក្នុងការបង្ហោះបណ្ដាញសង្គម X របស់លោកកាលថ្ងៃពុធថា "លោកសោកស្តាយជាខ្លាំងចំពោះសារបង្ហោះមួយចំនួនពីលោកប្រធានាធិបតី Donald Trump កាលសប្តាហ៍មុន។ សារទាំងនោះជ្រុលហួសហេតុពេលហើយ"។ មហាសេដ្ឋីរូបនេះមិនបញ្ជាក់ទេថា តើការបង្ហោះជាក់លាក់ណាមួយដែលលោកសំដៅដល់។ លោក Musk បានលុបចោលសារមួយចំនួន រួមទាំងការផ្តល់សញ្ញាគាំទ្រដល់ការចោទប្រកាន់ទម្លាក់តំណែងលោក Trump ផងដែរ ក្នុងសញ្ញាធូរស្រាលខ្លាំងក្នុងជម្លោះ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោក Trump បានពេញចិត្តកោតសរសើរចំពោះការសូមអភ័យទោសនេះ។ សម្រាប់វិនិយោគិន ការប្រេះឆាបើកចំហបែបនេះអាចបង្កឱ្យមានឧបសគ្គជាច្រើនសម្រាប់ Tesla, SpaceX និងអាណាចក្រអាជីវកម្មដ៏ធំទូលាយរបស់លោក Musk រួមទាំង Starlink ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលផ្សេងទៀត៕

