មនុស្សយ៉ាងហោចណាស់ ៤៩នាក់ ត្រូវបញ្ជាក់ថាបានស្លាប់កាលពីថ្ងៃពុធ (១១ មិថុនា) ខណៈទឹកជំនន់បានបំផ្លិចបំផ្លាញខេត្តមួយក្នុងចំណោមខេត្តក្រីក្របំផុតរបស់ប្រទេសអាហ្រ្វិកខាងត្បូង ហើយក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ត្រូវរំពឹងថានឹងកើនឡើងថែមទៀត ដោយសារសាកសពកាន់តែច្រើនត្រូវបានរកឃើញក្នុងប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។

ទឹកជំនន់បានវាយប្រហារខេត្ត Eastern Cape ភាគអាគ្នេយ៍នៃប្រទេសកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីអាកាសធាតុអាក្រក់បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្រ្តាក់ និងព្រិលធ្លាក់នៅផ្នែកខ្លះនៃប្រទេស។
លោក Oscar Mabuyane ប្រមុខខេត្ត Eastern Cape បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ខណៈនេះ សាកសពជាច្រើនផ្សេងទៀតកំពុងត្រូវបានរកឃើញ" ដោយបន្ថែមថា ព្រិត្តិការណ៍នេះគឺជាគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុដ៏អាក្រក់បំផុត ដែលខេត្តរបស់លោកបានជួបប្រទះ។

អាជ្ញាធរនិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនឹងបន្តសម្រាប់ថ្ងៃទី៣ នៅថ្ងៃព្រហស្បតិ៍ (១២ មិថុនា) នេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីចំនួនមនុស្សដែលអាចនៅតែបាត់ខ្លួនទេ ដោយគ្រាន់តែនិយាយថា ក្រុមមន្រ្តីនឹងធ្វើការជាមួយសាច់ញាតិដើម្បីឱ្យដឹងថាអ្នកណាខ្លះដែលនៅតែបាត់ខ្លួន៕
