តម្លៃទំនិញរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក បានកើនឡើងតិចជាងការរំពឹងទុកនៅក្នុងខែឧសភា ដោយសារប្រេងសាំងដែលមានតម្លៃថោក បានទូទាត់លើថ្លៃឈ្នួលជួលខ្ពស់មួយផ្នែក ប៉ុន្តែអតិផរណាត្រូវបានរំពឹងថា នឹងឡើងកម្ដៅខ្លាំងក្នុងប៉ុន្មានខែខាងមុខ ដោយសារតែការដំឡើងពន្ធនាំចូលរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump។

ការិយាល័យស្ថិតិការងាររបស់ក្រសួងការងារ បាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០,១% កាលពីខែមុន បន្ទាប់ពីកំណើន ០,២% ក្នុងខែមេសា។ សេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ បានព្យាករថា CPI កើនឡើង ០,២%។ ក្នុងរយៈពេល ១២ខែចុងក្រោយដល់ខែឧសភា CPI កើនឡើងសរុប ២,៤% បន្ទាប់ពីកំណើន ២,៣% ក្នុងខែមេសា។
របាយការណ៍ពីក្រសួងការងារកាលពីថ្ងៃពុធ (១១ មិថុនា) នេះ ក៏បានបង្ហាញពីសម្ពាធតម្លៃមូលដ្ឋានដែលមិនរង្គើកាលពីខែមុន។ សេដ្ឋវិទូនិយាយថា អតិផរណាមានភាពយឺតយ៉ាវបន្តិចក្នុងការឆ្លើយតបទៅនឹងពន្ធគយដ៏ច្រើនសន្ធឹករបស់លោក Trump ដោយសារអ្នកលក់រាយភាគច្រើន នៅតែលក់ទំនិញដែលប្រមូលបានមុនពេលពន្ធនាំចូល ចូលជាធរមាន។
អ្នកលក់រាយដ៏ធំនៅអាមេរិក Walmart កាលពីខែមុនបានព្រមានថា ខ្លួននឹងចាប់ផ្តើមដំឡើងថ្លៃទំនិញនៅចុងខែឧសភា និងខែមិថុនា។ លោក Daniel Hornung អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន MIT លើកឡើងថា "របាយការណ៍នេះជាការចង្អុលបង្ហាញមួយទៀតដែលថា មុនពេលពន្ធគយ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច អាមេរិកកំពុងឆ្ពោះទៅកាន់អតិផរណាដែលធ្លាក់ត្រឡប់ទៅគោលដៅវិញ ហើយថា ឧបសគ្គចម្បងចំពោះវឌ្ឍនភាពនាពេលអនាគត គឺការបង្កើនតម្លៃទំនិញដែលទាក់ទងនឹងពន្ធ"៕


