យោងតាមសេចក្តីរាយការណ៍របស់កាសែត New York Times ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១១ មិថុនា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កំពុងស្វែងរកការស៊ើបអង្កេតថាតើសាកលវិទ្យាល័យ Harvard បានរំលោភលើការដាក់ទណ្ឌកម្មរបស់សហព័ន្ធដោយការចូលរួមក្នុងសន្និសីទធានារ៉ាប់រងសុខភាពនៅក្នុងប្រទេសចិនដែរឬទេ។

ដោយដកស្រង់ប្រភពនានាដឹងពីបញ្ហានេះ និងឯកសារដែលត្រូវបានពិនិត្យឡើងវិញដោយសារព័ត៌មាន សេចក្តីរាយការណ៍បាននិយាយថា សន្និសីទនេះ ប្រហែលជាមានមន្ត្រីមកពីក្រុមផលិតកម្មនិងសំណង់ខេត្ត Xinjiang ជាក្រុមគ្រប់គ្រងដោយរដ្ឋរបស់ចិន ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក។
កាសែត New York Times បានរាយការណ៍ថា សាកលវិទ្យាល័យ Harvard បានបើកការពិនិត្យឡើងវិញផ្ទៃក្នុងនៃតួនាទីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា លោក Rubio បានចុះហត្ថលេខាលើសំណើមួយទៅកាន់ក្រសួងរតនាគារកាលពីខែមុន ដើម្បីបើកការស៊ើបអង្កេត។
អ្នកនាំពាក្យរបស់ក្រសួងរតនាគារបាននិយាយថា ក្រសួងចាត់ទុក «ការចោទប្រកាន់ណាមួយអំពីការរំលោភលើការដាក់ទណ្ឌកម្មថាជារឿងធ្ងន់ធ្ងរ» ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយពីលទ្ធភាពនៃការស៊ើបអង្កេតដែលអាចកើតមាន ឬកំពុងរង់ចាំការស៊ើបអង្កេតទេ។
រដ្ឋបាលលោក Trump បានបង្កើនការត្រួតពិនិត្យលើសាកលវិទ្យាល័យក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបានបង្កកជំនួយរាប់ពាន់លានដុល្លារ និងស្នើឱ្យលុបចោលស្ថានភាពលើកលែងពន្ធរបស់ខ្លួន។ វិធានការទាំងនេះ បានបង្កឱ្យមានបញ្ហាប្រឈមផ្លូវច្បាប់ជាបន្តបន្ទាប់។

