មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធ ទី១១ មិថុនាថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីរយៈពេល៩នាទី ទៅលើទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែនបានសម្លាប់មនុស្ស ៦ នាក់ និង ៦៤ នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានកុមារ ៩ នាក់។
ការវាយប្រហារនៅពេលយប់ ធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសធំបំផុតចំនួនពីរលើករបស់រុស្ស៊ីនៃសង្គ្រាមក្នុងសប្តាហ៍នេះ និងបានបង្កើនការទម្លាក់គ្រាប់បែកកាន់តែខ្លាំង ដែលទីក្រុងមូស្គូអះអាងថាជាការសងសឹកចំពោះការវាយប្រហារកាលពីពេលថ្មីៗនេះរបស់អ៊ុយក្រែន ចូលទៅក្នុងប្រទេសរុស្ស៊ី។
ទីក្រុង Kharkiv ដែលមានទីតាំងនៅភាគឦសានប្រទេសអ៊ុយក្រែន និងនៅជិតព្រំដែនរុស្ស៊ី នៅតែជាគោលដៅញឹកញាប់នៃការវាយប្រហារដោយមីស៊ីលនិងយានដ្រូន ទោះបីជាកំពុងទប់ទល់ទៅនឹងការរុលចូលទៅមុខទ្រង់ទ្រាយពេញលេញរបស់រុស្ស៊ី តាំងពីថ្ងៃដំបូងនៃសង្រ្គាមក៏ដោយ។
រដ្ឋអាជ្ញាក្នុងតំបន់ Kharkiv បាននិយាយនៅលើបណ្តាញ Telegram ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៦នាក់ ខណៈក្រុមអ្នកសង្គ្រោះបន្ទាន់បានទាញយកសាកសពបន្ថែមទៀតពីគំនរបាក់បែក។ មនុស្សយ៉ាងហោចណាស់បីនាក់ នៅតែត្រូវបានគេជឿថាកំពុងជាប់ក្នុងគំនរបាក់បែក។
អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថា ការវាយប្រហារស្រោចដោយយានដ្រូនចំនួន ១៧ គ្រឿង បានបង្កឱ្យមានអគ្គិភ័យនៅអគារលំនៅឋានចំនួន១៥ល្វែង ក្នុងអគារកម្ពស់៥ ជាន់ ហើយបណ្តាលឱ្យមានការបំផ្លាញដល់លំនៅឋានច្រើនខ្នង និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងទីក្រុង។