អាជ្ញាធរសុខាភិបាលដែនដីហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធ (១១ មិថុនា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស រយៈពេល ២០ខែមកនេះ បានឆ្លងផុតបន្ទាត់ ៥៥.០០០នាក់ហើយ ខណៈមន្ទីរពេទ្យបាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ក្នុងពេលពួកគេកំពុងធ្វើដំណើរទៅកាន់កន្លែងចែកចាយជំនួយ។

ស្ថានភាពនៃការស្លាប់ដែលរាយការណ៍នៅក្បែរកន្លែងជំនួយនោះមិនទាន់ដឹងច្បាស់នៅឡើយទេ។ កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបាញ់ព្រមាននៅតំបន់កណ្តាលហ្កាហ្សា ឆ្ពោះទៅរក "ជនសង្ស័យ" ដែលបង្កការគំរាមកំហែងដល់កងទ័ព។

ក្រសួងសុខាភិបាលហ្កាហ្សា មិនបែងចែករវាងជនស៊ីវិល និងអ្នកប្រយុទ្ធទេ ប៉ុន្តែបាននិយាយថា ស្ត្រី និងកុមារមានច្រើនជាងពាក់កណ្តាលនៃអ្នកស្លាប់សរុប ៥៥.០០០នាក់នោះ។ អ៊ីស្រាអែលនិយាយថា ខ្លួនផ្តោតតែលើក្រុមសកម្មប្រយុទ្ធប៉ុណ្ណោះ ហើយបន្ទោសការស្លាប់ជនស៊ីវិលទៅលើក្រុមហាម៉ាស ដោយចោទក្រុមសកម្មប្រយុទ្ធនេះថាលាក់ខ្លួនក្នុងចំណោមជនស៊ីវិល ព្រោះពួកគេធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន។

ក្រសួងហ្កាហ្សានិយាយថា មនុស្ស ៥៥.១០៤នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម និងតួលេខ ១២៧.៣៩៤នាក់បានរងរបួស ខណៈមនុស្សជាច្រើននាក់ទៀត ត្រូវគេជឿថាកប់នៅក្រោមគំនរបាក់បែក ឬនៅក្នុងតំបន់ដែលគ្រូពេទ្យមិនអាចទៅដល់បាន។ សូមបញ្ជាក់ថា តួលេខនេះគិតត្រឹមថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ហើយមិនទាន់រាប់បញ្ចូលការស្លាប់បន្ថែមនៅថ្ងៃបន្តបន្ទាប់ទេ៕