គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធពិធីខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៧ - ២១ មិថុនា ២០២៥ នៅលើទីតាំងដីសម្បទានសង្គមកិច្ច ដែលជាភូមិថ្មីសម្រាប់អតីតយុទ្ធជន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត ព្រមទាំងមានការចូលរួមពីលោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើននាក់។
នៅក្នុងពិធីនេះដែរ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ធំ បានឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនចំនួន ២០៦ គ្រួសារ ដែលបានចូលរួមក្នងពិធីនេះ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ និងភួយដណ្ដប់ចំនួនមួយផងដែរ៕










