រុស្ស៊ី និងអ៊ុយក្រែន បានប្រគល់សាកសពទាហានដែលបានស្លាប់ឲ្យគ្នាទៅវិញទៅមក ដោយផ្អែកលើកិច្ចព្រមព្រៀងមួយក្នុងកិច្ចចរចាដោយផ្ទាល់។ អាជ្ញាធរអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីបានបញ្ជូនត្រឡប់ទៅវិញសាកសពមនុស្សចំនួន១.២១២នាក់។ អាជ្ញាធរនិយាយថា សាកសពទាំងនេះគឺជាទាហានដែលបានស្លាប់នៅក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី និងតំបន់ចំនួនបួនទៀតរបស់អ៊ុយក្រែនដែលរុស្ស៊ីបានដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី ព្រមទាំងនៅកន្លែងផ្សេងៗទៀត។ អាជ្ញាធរកំពុងព្យាយាមកំណត់អត្តសញ្ញាណសាកសព។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky បាននិយាយថា ទីក្រុងមូស្គូបានទទួលអដ្ឋិធាតុចំនួន២៧ អដ្ឋិធាតុ។
រុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាដោយផ្ទាល់រវាងមន្ត្រីជាន់ខ្ពស់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃទី ២ ខែមិថុនា ដោយភាគីទាំងពីរបានព្រមព្រៀងដោះដូរឈ្លើយសឹកសង្គ្រាម និងប្រគល់សាកសពជាង៦.០០០នាក់ ម្ខាងៗ។
ទោះជាយ៉ាងណា ជុំវិញការប្រគល់សាកសព ភាគីទាំងសងខាងបានរិះគន់ការឆ្លើយរបគ្នាទៅវិញទៅមក ដោយការពន្យារពេលប្រគល់សាកសព។ ប្រទេសទាំងពីរបានចាប់ផ្តើមដោះដូរឈ្លើយសឹកសង្គ្រាមរួចហើយ ហើយការវិលត្រឡប់ទៅវិញកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារទាក់ទងនឹងទាហានរងរបួសធ្ងន់ និងអ្នកដែលមានអាយុក្រោម ២៥ឆ្នាំ។
ប៉ុន្តែផ្លូវឈានទៅរកបទឈប់បាញ់នៅតែមិនច្បាស់លាស់ ខណៈអ៊ុយក្រែន បានទទួលរងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃអង្គារ ដល់ថ្ងៃពុធ។
