ឆ្លើយតបតាមសំណូមពររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកថវិកា ៥០លានរៀលទៀត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ជាលើកទី២ ដើម្បីឆ្លើយតបជួយប្រជាពលរងគ្រោះបំផុតឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។
អំណោយជាស្បៀងនិងសម្ភារ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនប្រជាពលរដ្ឋទាំង ១ពាន់គ្រួសារ នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលក្នុងនោះមាន ស្រុកជាំក្សាន្តចំនួន ៤០៩គ្រួសារ, ស្រុកគូលែន ២៩៩គ្រួសារ និងស្រុកសង្គមថ្មី ២៩២គ្រួសារ ហើយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ៦ដប។
ជាមួយគ្នានេះ ឯកឧត្តម យូ ឡាណា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងកោតសរសើរ ពីការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត បានឆាប់រហ័សនិងទាន់ពេលវេលា។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ជាលើកទី២ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងត្រៀមបង្ការពេលមានគ្រោះមហន្តរាយកើតឡើងនាពេលខាងមុខជាយថាហេតុ ។
ជាកិច្ចឆ្លើយតប ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិនទុកនរណាម្នាក់ចោលឡើយ។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេច បានផ្តល់ថវិកាជាលើកទី២ តាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដើម្បីត្រៀមឆ្លើយតបជួយដល់បងប្អូនរងគ្រោះបំផុតបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលកំពុងប្រឈមដែលបានចល័តទៅរកតំបន់មានសុវត្ថិភាព។ ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ថា « អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ឱ្យសាខាកន្លងមកនេះ សាខាបានជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិសភ័យ និងខ្យល់កន្ត្រាក់ជាដើម»។ ជាចុងក្រោយសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា និងរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនជានិច្ចនិរន្តរ៍។
សូមរំលឹកថា ការឧបត្ថម្ភលើកទី១ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥០លានរៀល និងស្បៀង-សម្ភារចំនួន ៥០០គ្រួសារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួចមកហើយ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបីកន្លងទៅ និងសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀត៕



