បាតុកម្មជុំវិញយុទ្ធសាស្ត្របង្ក្រាបអន្តោប្រវេសន៍ដ៏រឹងរូស បានផ្ទុះរាលាលនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីបាតុកម្មជាច្រើនថ្ងៃដុតរោលក្នុងទីក្រុង Los Angeles ខណៈរដ្ឋកាលីហ្វ័រនីញ៉ា បានត្រៀមសម្រាប់ការប្រឈមដាក់គ្នាតាមផ្លូវច្បាប់ជាមួយសេតវិមានជុំវិញការដាក់ពង្រាយយោធារបស់លោក Donald Trump ។

មនុស្សជាង១.០០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងធំបំផុតទីពីររបស់អាមេរិកសម្រាប់ការតវ៉ាថ្ងៃទីប្រាំមួយ ដែលមានហ្វូងមនុស្សប្រមូលផ្ដុំដោយស្ងៀមស្ងាត់ នៅពេលពួកគេបានដើរតាមដងផ្លូវ។
យប់ទីពីរនៃបម្រាមគោចរត្រូវបានរំពឹងទុក ខណៈក្រុមមេដឹកនាំទីក្រុងនេះ ព្យាយាមដោះស្រាយលើការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ និងការលួចរបស់របរនៅក្នុងតំបន់មួយចំនួនក្នុងទីក្រុងនេះលើផ្ទៃដី ១.៣០០ គីឡូម៉ែត្រក្រឡា។
ការតវ៉ាដោយសន្តិវិធីភាគច្រើន បានបញ្ឆេះឡើងជុំវិញការកើនឡើងភ្លាមៗក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលរស់នៅក្នុងប្រទេសនេះ ដោយខុសច្បាប់។
បាតុកម្មជាច្រើនត្រូវបានរាយការណ៍នៅទីក្រុង St Louis រដ្ឋ Missouri ទីក្រុង Raleigh រដ្ឋ North Carolina ទីក្រុង Manhattan របស់ទីក្រុង New York ទីក្រុង Indianapolis នៃរដ្ឋ Indiana និង ទីក្រុង Denver របស់រដ្ឋ Colorado។
នៅក្នុងទីក្រុង San Antonio នៃរដ្ឋ Texas មនុស្សរាប់រយនាក់បានដើរដង្ហែរក្បួន និងស្រែកប្រឆាំងនៅជិតសាលាក្រុង ជាទីដែលអភិបាលរដ្ឋ Texas លោក Greg Abbott មកពីគណបក្សសាធារណរដ្ឋបានដាក់ពង្រាយឆ្មាំជាតិរបស់រដ្ឋ៕

