មហាសន្និបាតអង្គការសហប្រជាជាតិ ត្រៀមបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ (១២ មិថុនា) នេះ លើសេចក្តីព្រាងនៃសេចក្ដីសម្រេច ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រសិទ្ធិវេតូលើការខិតខំប្រឹងប្រែងស្រដៀងគ្នានេះនៅក្នុងក្រុមប្រឹក្សាសន្តិសុខកាលពីសប្តាហ៍មុន។

ក្រុមអ្នកការទូតបាននិយាយថា មហាសន្និបាតដែលមានសមាជិកចំនួន ១៩៣ប្រទេសនេះ ទំនងជានឹងអនុម័តសេចក្ដីព្រាងមួយនេះដោយមានការគាំទ្រដ៏លើសលប់ បើទោះបីជាអ៊ីស្រាអែល បញ្ចុះបញ្ចូលបណ្តាប្រទេសនានាក្នុងសប្តាហ៍នេះ ឱ្យប្រឆាំងនឹងការចូលរួមក្នុងអ្វីដែលហៅថា "ការជំរុញផ្នែកនយោបាយ និងផ្ទុយពីការចង់បាន" ក៏ដោយ។
សេចក្តីសម្រេចរបស់មហាសន្និបាត មិនមានចំណងផ្លូវច្បាប់ទេ ប៉ុន្តែមានទម្ងន់ជាពិសេស ដោយសារតែជំហាននេះជាការឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកស្តីពីសង្គ្រាម។ ការទាមទារពីមុនដោយស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះ សម្រាប់ការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្រុមហាម៉ាស មិនត្រូវបានគេអើពើទាល់តែសោះ។ ពុំមានប្រទេសណាមួយមានសិទ្ធិវេតូក្នុងមហាសន្និបាតនេះទេ មិនដូចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។
ការបោះឆ្នោតនៅថ្ងៃព្រហស្បត្តិ៍នេះ កើតឡើងមុនសន្និសីទអង្គការសហប្រជាជាតិ នៅសប្តាហ៍ក្រោយ ដែលមានគោលបំណងពង្រឹងការជំរុញជាអន្តរជាតិសម្រាប់ដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាជំនួបមួយដែលសហរដ្ឋអាមេរិក បានជំរុញប្រទេសនានាកុំឱ្យចូលរួម៕

