ភាគហ៊ុនសកល និងប្រាក់ដុល្លារបានរអិលចុះយ៉ាងអាក្រក់ក្នុងថ្ងៃព្រហស្បតិ៍ (១២ មិថុនា) នេះ ខណៈវិនិយោគិនអន្ទះសារលើរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ផុយស្រួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ព្រមទាំងភាពតានតឹងកើនឡើងយ៉ាងក្ដៅគគុកនៅមជ្ឈិមបូព៌ា និងកង្វល់ពន្ធ បានបង្កើនហានិភ័យកាន់តែអាក្រក់។

ការយកចិត្តទុកដាក់ក្នុងទីផ្សារហិរញ្ញវត្ថុនៅសប្តាហ៍នេះ បានផ្ដោតលើកិច្ចពិភាក្សាពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលនឹងលុបចោលការរឹតបន្តឹងការនាំចេញរបស់ចិន លើរ៉ែកម្រ និងអនុញ្ញាតឱ្យនិស្សិតចិន ចូលទៅកាន់សាកលវិទ្យាល័យរបស់អាមេរិកវិញ។

សន្ទស្សន៍ធំជាងគេរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ខាងក្រៅប្រទេសជប៉ុន បានរអិលចុះ ០,៣% ក្នុងការជួញដូរដំបូង បន្ទាប់ពីឈានដល់កម្រិតខ្ពស់ ៣ឆ្នាំរបស់ខ្លួនកាលពីថ្ងៃពុធ ចំណែកហ៊ុន Nikkei របស់ជប៉ុន ក៏ធ្លាក់ ០,៧% ខណៈភាគហ៊ុនអាមេរិក និងអឺរ៉ុប សុទ្ធតែថយចុះយ៉ាងអវិជ្ជមាន។

ប្រាក់អឺរ៉ូ ដែលជាអ្នកទទួលផលមួយក្នុងចំណោមអ្នកទទួលផលជាច្រើនពីការធ្លាក់ចុះនៃប្រាក់ដុល្លារ បានកើនឡើងដល់កម្រិតខ្ពស់ក្នុងពេល ៧សប្តាហ៍របស់ខ្លួន ហើយចុងក្រោយនេះនៅក្នុងតម្លៃ ១,១៥១២ដុល្លារក្នុងមួយអឺរ៉ូ ខណៈប្រាក់យ៉េនរបស់ជប៉ុន បានឡើងថ្លៃ ០,៤% នៅ ១៤៤,០៣យ៉េនក្នុងមួយដុល្លារ។ ហេតុផលទាំងនេះបានទម្លាក់សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយបណ្ណអាមេរិកមួយនេះធៀបនឹងគូប្រជែងសំខាន់ៗចំនួន ៦ផ្សេងទៀត ដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២២ ខែមេសា ខណៈសន្ទស្សន៍ដុល្លារសរុបបានធ្លាក់ចុះ ៩% នៅឆ្នាំនេះ៕