អភិបាលតំបន់រាប់សិបនាក់មកពីទូទាំងតំបន់ Los Angeles បានរួបរួមគ្នាកាលពីថ្ងៃពុធ (១១ មិថុនា) ដើម្បីទាមទារឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Trump បញ្ឈប់ការឆ្មក់បង្រ្កាបអន្តោប្រវេសន៍ដ៏ខ្លាំងក្លា ដែលបានបង្កើនការភ័យខ្លាចនៅទូទាំងទីក្រុងរបស់ពួកគេ និងបង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយនៅទូទាំងសហរដ្ឋអាមេរិក។

ប៉ុន្តែពុំមានសញ្ញាល្អណាឡើយដែលថាលោក Trump នឹងស្តាប់តាមការអង្វរករបស់ពួកគេ។ អភិបាលតំបន់របស់ក្រុង Los Angeles និងសមាជិកក្រុមប្រឹក្សាក្រុង បានជំរុញឱ្យលោក Trump បញ្ឈប់ការប្រើប្រាស់យោធាប្រដាប់អាវុធ ជាមួយភ្នាក់ងារអន្តោប្រវេសន៍ ក្នុងវិធានការបង្រ្កាបមិនបន្ធូរដៃរបស់លោកលើបាតុកម្ម និងជនអន្តោប្រវេសន៍ដែលរស់នៅសហរដ្ឋអាមេរិក ដោយខុសច្បាប់។

លោកស្រី Brenda Olmos អភិបាលរងតំបន់ Paramount បាននិយាយថា "ប្រជាជនសូមឱ្យរដ្ឋាភិបាលស្តាប់ការអង្វករ បញ្ឈប់ការបំភិតបំភ័យអ្នកស្រុក បញ្ឈប់ការឆ្មក់បង្រ្កាបទាំងនេះ" ដោយលើកឡើងថា លោកស្រីក៏ជាជនរងគ្រោះដោយគ្រាប់កៅស៊ូរបស់មន្រ្តីនៅបាតុកម្មកាលពីចុងសប្តាហ៍។

ថ្លែងជាមួយអភិបាលផ្សេងទៀតក្នុងសន្និសីទសារព័ត៌មាន អភិបាលក្រុង Los Angeles លោកស្រី Karen Bass បាននិយាយថា ការឆ្មក់បង្រ្កាបនេះបានពង្រីកការភ័យខ្លាចចំពោះសេតវិមាន។ ជាមួយគ្នានេះ អភិបាលរដ្ឋ California លោក Gavin Newsom បានដាក់បណ្ដឹងទៅតុលាការសហព័ន្ធ ស្នើឱ្យបញ្ឈប់ជាបន្ទាន់ដល់យោធា ដែលជួយភ្នាក់ងារអន្តោប្រវេសន៍នៅក្នុងទីក្រុងធំទីពីររបស់ប្រទេស៕