ឧត្តមសេនីយឯក Hossein Salami អគ្គមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃពុធ (១១ មិថុនា) ថា គ្រឿងយុទ្ធបករណ៍ការពាររបស់កងឆ្មាំបដិវត្តន៍ IRGC មានការជឿនលឿនគួរឱ្យកត់សម្គាល់ ហើយបានត្រៀមលក្ខណៈយ៉ាងពេញលេញរួចរាល់ហើយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ។

ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់អង្គភាពប្រតិបត្តិការនៃកងទ័ពជើងទឹកទី១ របស់កងឆ្មាំបដិវត្តន៍ លោក Salami បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់អ៊ីរ៉ង់ និងការពង្រឹងសមត្ថភាពយោធា ស្របពេលភាពតានតឹងកាន់តែឡើងកម្ដៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោក Salami បានគូសបញ្ជាក់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃឈូងសមុទ្រពែក្ស និងតំបន់ជុំវិញរបស់ដែនទឹកនោះ នៅក្នុងគោលលទ្ធិការពារជាតិរបស់អ៊ីរ៉ង់។
ការប្រកាសពីការត្រៀមខ្លួននេះ បានកើតឡើងស្របដែលរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh ក៏បានព្រមានកាលពីថ្ងៃពុធដដែលនេះនៅមុនកិច្ចចរចានុយក្លេអែរជុំទី៦ថា ប្រសិនបើការពិភាក្សានុយក្លេអ៊ែរបរាជ័យ ហើយជម្លោះកើតមានឡើងជាមួយសហរដ្ឋអាមេរិកពិតមែន នោះអ៊ីរ៉ង់ នឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមម្តងហើយម្តងទៀត ថាអ៊ីរ៉ង់ នឹងរងការវាយប្រហារ ប្រសិនបើមិនឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីទេនោះ។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបានបញ្ជាក់ថាទីក្រុងតេអេរ៉ង់ នឹងមិនឱនក្បាលដាក់សម្ពាធណាមួយទេនោះ បាននិយាយរួចមកហើយកាលខែកុម្ភៈថា អ៊ីរ៉ង់នឹងនៅអភិវឌ្ឍយោធារបស់ខ្លួន រួមទាំងមីស៊ីលផងដែរ ដើម្បីទប់ស្កាត់ការគំរាមកំហែង៕

