សេចក្ដីណែនាំរួមគ្នាដ៏កម្រ និងបន្ទាន់មួយ ដែលចេញដោយប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រតំបន់ញកអាហ្រ្វិក និងមជ្ឈមណ្ឌលព័ត៌មានដែនសមុទ្ររួម បានប្រកាសកណ្តឹងអាសន្នសម្រាប់ប្រតិបត្តិករនាវាដឹកជញ្ជូន ដែលឆ្លងកាត់តំបន់មជ្ឈិមបូព៌ា។

សេចក្ដីណែនាំនោះបានព្រមានពីការកើនឡើងនៃកម្រិតគំរាមកំហែងខ្លាំងនៅឈូងសមុទ្រអារ៉ាប់/ពែក្ស ច្រកសមុទ្រ Hormuz និងឈូងសមុទ្រអូម៉ង់ ដោយលើកឡើងពី "ភាពតានតឹងកាន់តែខ្លាំងក្នុងតំបន់ ដែលអាចនាំឱ្យមានសកម្មភាពយោធា ដែលជះឥទ្ធិពលផ្ទាល់លើអ្នកធ្វើដំណើរផ្លូវទឹក"។

ចំណុចសំខាន់នៃការព្រមាននេះគឺវិបត្តិកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ជាមួយនឹងសេចក្តីរាយការណ៍ថា កិច្ចពិភាក្សាការទូតជុំទី៦ អាមេរិក-អ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរ គ្រោងធ្វើនៅសប្តាហ៍នេះ។ ទោះជាយ៉ាងនេះក្ដី សំឡេងរវាងរដ្ឋាភិបាលទាំងពីរកាន់តែមានអរិភាពខ្លាំងឡើង។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងជាថ្មីពីជំហររបស់លោកថា សកម្មភាពយោធានៅតែមានលើតុពិភាក្សា ប្រសិនបើកិច្ចព្រមព្រៀងស្តីពីមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនត្រូវបានសម្រេច។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានព្រមានថា ការបង្កហេតុណាមួយរបស់យោធាអាមេរិក នឹងនាំឱ្យមានការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា។
ជាមួយគ្នានេះ អ៊ីស្រាអែល ដែលរក្សាជំហរប្រកាន់តឹងពេញមួយការចរចា បានបន្តគំរាមប្រើសកម្មភាពយោធាឯកតោភាគី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកវិភាគក្នុងតំបន់និយាយថា សម្ពាធក្នុងស្រុកលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងកើនឡើង ដែលបង្កើនលទ្ធភាពនៃការវាយប្រហារតាមអាកាសទុកជាមុន។ មានការបារម្ភកាន់តែខ្លាំងថា សកម្មភាពបែបនេះអាចធ្វើឡើងអមជាមួយកិច្ចសហប្រតិបត្តិការ ឬការគាំទ្រផ្នែកដឹកជញ្ជូនរបស់អាមេរិក ដែលដុតបញ្ឆេះភាពតានកាន់តែគ្រោះថ្នាក់នៅមជ្ឈិមបូព៌ា៕