បាល់ទាត់៖ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២១ ក្លិបព្រះខ័នរាជសា្វយរៀងបាននាំចូលកីឡាករចំណូលថ្មីដំបូង ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២២ ខាងមុខគឺខ្សែប្រយុទ្ធ ឡុង ភារ៉ាត ដែលផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ។ បច្ចុប្បន្ន ភារ៉ាត មានវ័យ ២៣ឆ្នាំ។ មុនផ្ទេរទៅកាន់ទឹកដីខេត្តស្វាយរៀង អតីតយុវជនថ្នាលក្លិបភ្នំពេញក្រោនរូបនេះធ្លាប់បានប្រកបអាជីពជាមួយក្លិបមួយចំនួន រួមមានអតីតក្លិបវេស្ទើនភ្នំពេញឆ្នាំ២០១៦-២០១៧ តែក្រោយក្លិបមានមូលដ្ឋាននៅភ្នំពេញនេះប្រកាសរំសាយ រូបគេក៏បានផ្ទេរទៅលេងឲ្យក្លិបសូលទីឡូអង្គរនៅឆ្នាំ២០១៨។
បន្ទាប់ពីប្រកបអាជីពបាន ១រដូវកាលលើទឹកដីអង្គរ កីឡាករមានដើមកំណើតពីខេត្តព្រះសីហនុនេះក៏បន្ដផ្ទេរទៅលេងឲ្យក្លិបមានមូលដ្ឋាននៅខេត្តសៀមរាមមួយទៀត គឺក្លិបអង្គរថាយហ្គឺរចាប់ពីឆ្នាំ២០១៩ រហូតដល់ចប់រដូវកាលឆ្នាំ២០២១ កន្លងទៅ ដោយគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុម ទោះបីអង្គរថាយហ្គឺរពុំទទួលបានលទ្ធផលសមប្រកបក៏ដោយ។ ដូច្នេះក្លិបព្រះខ័នរាជស្វាយរៀងគឺជាក្លិបអាជីពទី៤ នៃក្របខណ្ឌលីគកំពូលកម្ពុជា ដែល ឡុង ភារ៉ាត ត្រូវប្រកបអាជីព និងទទួលយកនូវបទពិសោធន៍ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Conor Nestor ដើម្បីត្រៀមការប្រកួតនារដូវកាលថ្មីខាងមុខ។ គួរដឹងថា ក្រៅពីបទពិសោធន៍លេងឲ្យក្លិបអាជីព ឡុង ភារ៉ាត ក៏ធ្លាប់ជាប់ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំ, ១៧ឆ្នាំ, ១៨ឆ្នាំ, ១៩ឆ្នាំ រហូតដល់ជាប់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំជំនាន់លោក Felix G.Dalmas ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 ផងដែរ៕
អត្ថបទ៖ លី ឈុនឡា