មន្ត្រីអាមេរិកពីររូប បាននិយាយកាលពីថ្ងៃពុធថា ក្រសួងការបរទេស កំពុងរៀបចំបញ្ជាឲ្យបុគ្គលិកដែលមិនសំខាន់ទាំងអស់ ចាកចេញពីស្ថានទូតអាមេរិក នៅទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់ ដោយសារសក្តានុពលនៃភាពចលាចលក្នុងតំបន់។
ស្ថានទូតនៅទីក្រុងបាកដាដ បានកំណត់បុគ្គលិករួចហើយ ហើយការបញ្ជានេះ នឹងមិនប៉ះពាល់ដល់បុគ្គលិកមួយចំនួនធំនោះទេ ប៉ុន្តែក្រសួងននេះ ក៏កំពុងអនុញ្ញាតឲ្យបុគ្គលិក និងសមាជិកគ្រួសារដែលមិនសំខាន់ ចេកចេញពីប្រទេសបារ៉ែន និងគុយវ៉ែតផងដែរ។

ការសម្រេចនេះ ផ្តល់ឲ្យពួកគេនូវជម្រើសមួយថាតើត្រូវចាកចេញពីប្រទេសនេះដែរឬយ៉ាងណា។
មន្ត្រីអាមេរិកម្នាក់ទៀត បាននិយាយថា មន្ទីរបញ្ចកោណ កំពុងត្រៀមដើម្បីជួយដល់លទ្ធភាពជម្លៀសបុគ្គលិកអាមេរិកចេញពីស្ថានទូតអាមេរិក នៅក្នុងទីក្រុងបាកដាដ។
មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា គម្រោងលម្អិតមិនត្រូវបានប្រកាស ជាសាធារណៈទេ។
កាលពីថ្ងៃពុធផងដែរ ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បាននិយាយ នៅក្នុងសេចក្តីប្រកាសណែនាំមួយថា ខ្លួនបានដឹងពីការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលអាចនាំឲ្យមានការកើនឡើងនូវសកម្មភាពយោធា ដែលមានផលប៉ះពាល់ផ្ទាល់ ទៅលើទាហានម៉ារីន។
ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសនេះ បានណែនាំឲ្យនាវាទាំងអស់មានការប្រុងប្រយ័ត្ន នៅពេលឆ្លងកាត់ឈូងសមុទ្រ ឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រ Hormuz។
