អ្នកនាំពាក្យក្រសួងការបរទេសទីក្រុងមូស្គូ អ្នកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ដោយប្រើការអះអាងប្រឌិតឡើងអំពីការគំរាមកំហែងរបស់ប្រទេសរុស្ស៊ី អង្គការណាតូ កំពុងតែបង្កើនសកម្មភាពយោធារបស់ខ្លួន នៅក្នុងតំបន់សមុទ្រខ្មៅ។
អ្នកការទូតរូបនេះ បាននិយាយថា៖«យើងបានកត់សម្គាល់ឃើញម្តងហើយម្តងទៀតថា អង្គការណាតូ កំពុងប្រើការនិយាយបំផ្លើស និងមិនពិតអំពីការគំរាមកំហែងរបស់រុស្សី ដើម្បីបន្តការពង្រីក និងសកម្មភាពឈ្លានពានរបស់ខ្លួន។ វត្តមានរបស់ណាតូ នៅលើផ្នែកខាងកើត កំពុងកើនឡើង។ ក្នុងន័យនេះ តំបន់សមុទ្រខ្មៅ មិនមែនជាករណីលើកលែងនោះទេ»។

អ្នកស្រីបានសង្កត់ធ្ងន់ថា សមាសភាពកងកម្លាំងទ័ពអាកាសរបស់សម្ព័ន្ធអាត្លង់ទិកខាងជើង កំពុងត្រូវបានប្រើប្រាស់យ៉ាងសកម្មសម្រាប់ការល្បាតដែនអាកាស ពីខាងលើដែនទឹកសមុទ្រខ្មៅ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖«សកម្មភាព ចលនា និងការពង្រីកជាក់ស្តែងទាំងអស់នេះ ប្រាកដជាត្រូវបានតាមដានដោយភ្នាក់ងារពាក់ព័ន្ធរបស់យើង។ ខ្ញុំចង់បញ្ជាក់ជាថ្មីថា ការប្រមូលផ្តុំកម្លាំងយោធារបស់អង្គការណាតូ នៅក្នុងតំបន់នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ ហើយនាំឲ្យបរិយាកាសនយោបាយនិងយោធា កាន់តែមានភាពធ្ងន់ធ្ងរថែមទៀត»។
