អគ្គរដ្ឋអាជ្ញាបូលីវីលោក Roger Mariaca Montenegroនិយាយកាលពីថ្ងៃពុធថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈ កំពុងបើកការស៊ើបអង្កេត ដើម្បីស្វែងរកជនល្មើលនៅពីក្រោយអំពើហិង្សាកាលពីពេលថ្មីៗនេះ នៅទីក្រុង Llallagua និងតំបន់ជាច្រើនទៀត ជាទីដែលមនុស្សរាប់សិបនាក់ បានរងរបួស និងមនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ ។
ក្រុមមន្រ្តីរាយការណ៍ពីការសម្លាប់មន្រ្តីនគរបាល ២នាក់ និងភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់នៅទីក្រុង Llallagua ស្ថិតក្នុងតំបន់ Potosi កាលពីថ្ងៃពុធ ជាទីដែលការប្រឈមដាក់គ្នា បានកើតឡើងរវាងក្រុមមន្រ្តី និងអ្នកគាំទ្រអតីតប្រធានាធិបតីបូលីវីលោក Evo Morales ក្រោយពីការបិទផ្លូវហាយវ៉េ ។

នៅថ្ងៃនោះដែរ ក្នុងទីក្រុង Vinto ស្ថិតនៅតំបន់ Cochabamba ក្រុមអ្នកគាំទ្រលោក Morales បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ស្របពេលដែលក្រុមបាតុករ បានបិទស្ពានម្តងទៀត ។
ក្រុមអ្នកគាំទ្រនៅតំបន់នោះ ត្រូវបានគេរាយការណ៍ថាបានបង្ខំឲ្យនគរបាលដកថយ ដោយប្រើប្រាស់ផាវ និងដុំថ្ម ស្របពេលដែលក្រុមមន្រ្តីឆ្លើយតបវិញជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។
បាតុកម្មដែលបង្កភាពវឹកវរនៅបូលីវីជុំវិញវិបត្តិសេដ្ឋកិច្ចនោះ បានអំពាវនាវឲ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Luis Arce និងទាមទារឲ្យលោក Morales ឡើងកាន់តំណែងម្តងទៀត បើទោះបីជាមានការដកសិទ្ធិដោយរដ្ឋធម្មនុញ្ញរបស់លោកក៏ដោយ ។
ភាពរំជើបរំជួលនេះដែរ គាប់ជួននឹងបទបញ្ជារបស់លោក Luis Arce ឲ្យបោសសម្អាតផ្លូវហាយវ៉េ ដែលត្រូវបានបិទអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្រុមអ្នកគាំទ្រលោក Morales ដែលកំពុងជំរុញឲ្យមានបេក្ខភាពរបស់លោកម្តងទៀត នៅការបោះឆ្នោតនាខែសីហាខាងមុខ ៕
