លោកស្រី Sahar Ghanem ប្រធានមន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងផ្តល់ឈាមនៅតំបន់ហ្កាហ្សា បាននិយាយថា មន្ទីរពេទ្យនៅតំបន់ហ្កាហ្សាស្ទ្រី កំពុងជួបប្រទះការខ្វះខាតការផ្គត់ផ្គង់ឈាមយ៉ាងធ្ងន់ធ្ងរ ដោយគ្រូពេទ្យក្នុងតំបន់ ដែលកំពុងត្រូវការឈាមបន្ទាន់ចំនួន ៧.000 ប្លោក ដើម្បីជួយអ្នកស្រុក។

លោកស្រី បានប្រាប់សារព័ត៌មាន Al Jazeera ថា៖«យើងកំពុងត្រូវការឈាមជាបន្ទាន់ចំនួន ៧.000ប្លោក។ ពុំមានអ្នកបរិច្ចាគគ្រប់គ្រាន់ទេ ដោយសារភាពក្រីក្រ និងភាពស្រេកឃ្លាន»។ លោកស្រី Ghanem បានជំរុញឲ្យ«ពិភពលោកទាំងមូលប្រឹងប្រែង» ដើម្បីជួយសង្រ្គោះអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យក្នុងស្រុក ដែលអាចស្លាប់ ដោយសារតែខ្វះអ្នកបរិច្ចាគឈាម។
កាលពីថ្ងៃទី ០២ ខែមីនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សាស្ទ្រីប និងការបិទច្រកត្រួតពិនិត្យទាំងអស់ នៅតាមព្រំដែននៃឧបទ្វីបនេះ។ កាលពីថ្ងៃទី១៨ ខែមីនា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបន្តប្រតិបត្តិការនៅតំបន់ហ្កាហ្សា ដោយបើកការវាយប្រហារទ្រង់ទ្រាយធំ និងរំលោភបទឈប់បាញ់ដែលបានបង្កើតឡើង នៅក្នុងខែមករា។
កាលពីថ្ងៃទី ១៨ ខែឧសភា ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យ «ស្បៀងអាហារមូលដ្ឋាន» ចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីធានាថា៖«គ្មានវិបត្តិអត់ឃ្លាន កើតឡើង» បន្ទាប់ពីបានបិទតំបន់នេះ អស់ជាច្រើនសប្តាហ៍។
