កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានលើកលែងទោសក្នុងករណីពិសេសដល់អតីតប្រធានាធិបតីលោកស្រី Park Geun-hye ដែលកំពុងជាប់ពន្ធនាគាររយៈពេល ២២ឆ្នាំពាក់ព័ន្ធរឿងអាស្រូវពុករលួយដ៏ធំ។ ស្ត្រីវ័យ ៦៩ឆ្នាំរូបនេះត្រូវបានកាត់ទោសពីបទរំលោភអំណាច និងការបង្ខិតបង្ខំ បន្ទាប់ពីលោកស្រីត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៧។
លោកស្រីជាមេដឹកនាំជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងគេ ក្នុងប្រទេសរបស់លោកស្រីដែលត្រូវបានបង្ខំឱ្យលាលែងពីតំណែង។ លោកស្រី Park ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣ដងហើយនៅឆ្នាំនេះដោយសារឈឺស្មា និងខ្នងរ៉ាំរ៉ៃ។ សារព័ត៌មានក្នុងស្រុក Yonhap បាននិយាយថា លោកស្រី Park ដែលស្ថិតក្នុងចំណោមអ្នកទទួលផល ពីការលើកលែងទោសក្នុងករណីពិសេសរបស់លោក Moon សម្រាប់ឆ្នាំថ្មី ត្រូវបានចុះក្នុងបញ្ជីក្រោមហេតុផលសុខភាពរបស់លោកស្រីចុះខ្សោយ។ ការប្រកាសនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល ខណៈដែលលោកប្រធានាធិបតី Moon Jae-in ធ្លាប់បានច្រានចោលការលើកលែងទោសនេះ៕
អត្ថបទ៖ សុខមាន