បុគ្គលដែលដឹងពីបញ្ហា បានឲ្យដឹងថា ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នឹងមិនព្យាយាមឈានដល់ការឯកភាពគ្នានោះឡើយ ជុំវិញសេចក្តីថ្លែងការណ៍រួម នៅឯកិច្ចប្រជុំកំពូលមេដឹកនាំ នាសប្តាហ៍ក្រោយ ក្នុងប្រទេសកាណាដា ជាការទទួលស្គាល់ពីការខ្វែងគំនិតដ៏ធំ ដែលផ្ដាច់សហរដ្ឋអាមេរិកចេញពីសមាជិកផ្សេងទៀត ជុំវិញបញ្ហាអ៊ុយក្រែន បម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត។
ផ្ទុយទៅវិញ បើយោងតាមបុគ្គលដែលបាននិយាយដោយមិនបញ្ចេញឈ្មោះ ដោយសារជាការពិភាក្សាសម្ងាត់ បានបញ្ជាក់ថា ជំនួសឲ្យការចេញសេចក្ដីថ្លែងការណ៍ផ្លូវការរួមគ្នាតែមួយ មេដឹកនាំ G7 ទំនងជានឹងបញ្ចេញសេចក្តីប្រកាសរៀងៗខ្លួន ដែលមានការយល់ស្របពីមេដឹកនាំទាំងអស់ ស្ដីពីប្រធានបទផ្សេងៗ។

ពួកគេបានប្រាប់ថា វិធីសាស្រ្តនោះគឺជាជម្រើសរបស់ម្ចាស់ផ្ទះកាណាដា ដោយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កំពុងប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ហើយបន្តជំរុញកិច្ចពិភាក្សា អំពីពាណិជ្ជកម្ម និងសន្តិសុខ។
ការព្រមព្រៀងលើសេចក្តីថ្លែងការណ៍ចុងក្រោយ ដោយទូទៅគឺជាប្រពៃណីរបស់មេដឹកនាំដែលបានជួបជុំនៅក្នុងកិច្ចប្រជុំកំពូលនានា ដូចជាកិច្ចប្រជុំកំពូល G7 នេះជាដើម។ ខណៈពេលដែលឯកសារនេះ មិនមានសិទ្ធិអំណាចផ្លូវច្បាប់ វាស្មើនឹងសេចក្តីថ្លែងការណ៍នៃគោលការណ៍ និងមានបំណងបង្ហាញការរួបរួម ក្នុងចំណោមអ្នកចូលរួមលើប្រធានបទដែលមានសារៈសំខាន់ជាសកល៕
