កុមារប៉ាឡេស្ទីន ១៧នាក់ រួមទាំងក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ ដែលបានបាត់បង់បងប្អូនបង្កើត ៩នាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបនហ្កាហ្សា កាលពីខែមុន បានមកដល់ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ ដើម្បីព្យាបាលជំងឺ នៅមន្ទីរពេទ្យ អមដំណើរដោយសមាជិកគ្រួសារជាង ៥០នាក់។

ក្មេងប្រុស Adam Al-Najjar ដែលមានការបាក់ឆ្អឹងច្រើនដង បានមកដល់ព្រលានយន្តហោះ Linate ក្នុងទីក្រុង Milan ជាកន្លែងដែលកុមារនេះ ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសលោក Antonio Tajani មុនពេល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Niguarda ក្នុងទីក្រុងនេះ។
យន្តហោះដែលបានចុះចតនៅព្រលានយន្តហោះ Linate បានដឹកអនីតិជនប៉ាឡេស្ទីន ៥នាក់ផ្សេងទៀតដែលរងរបួស ខណៈដែល ១១នាក់ទៀត បានមកដល់តាមជើងហោះហើរ ទៅកាន់អាកាសយានដ្ឋានអ៊ីតាលីផ្សេងទៀត។
ការវាយប្រហារកាលពីថ្ងៃទី ២៣ ខែឧសភា បានធ្វើឲ្យកុមារា Adam ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅមន្ទីរពេទ្យ Nasser ជាមន្ទីរពេទ្យមួយដែលប្រតិបត្តិការ នៅភាគខាងត្បូងហ្កាហ្សា។
