បាល់ទាត់៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគទី២ កម្ពុជាឆ្នាំ២០២១ នឹងឈានដល់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ចុងក្រោយនាថ្ងៃទី២៥ ខែធ្នូស្អែកនេះហើយ ដើម្បីកំណត់ក្រុមជ័យលាភី ក៏ដូចជាបេក្ខភាពឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជាឆ្នាំ២០២២ ខណៈបេក្ខភាពប្រជែងជើងឯកក៏ដូចជាកៅអីលីគកំពូលរដូវកាលថ្មីនៅសល់តែ ២ក្រុមប៉ុណ្ណោះគឺក្រុម ISI ដង្កោសែនជ័យ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នា។
ក្រុមទាំងពីរនេះនឹងត្រូវជួបគូប្រកួតផ្សេងៗក្នុងជំនួបសប្ដាហ៍ទី៧ ស្អែកនេះក្នុងនោះក្រុម ISI ដង្កោសែនជ័យត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងក្រុមសាលាបាល់ទាត់ជាតិបាទីត្រូវជួបក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ហើយការប្រកួតកាត់សេចក្ដីនេះនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៣រសៀលដំណាលគ្នានៅទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីដូចគ្នា។ បច្ចុប្បន្នក្រុម ISI ដង្កោសែនជ័យកំពុងឈរកំពូលតារាងបណ្ដោះអាសន្នដោយមាន ១៦ពិន្ទុក្នុងដៃក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ៥ និងស្មើ១ ខណៈក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីឈរលេខ២ មាន ១៥ពិន្ទុ ជាមួយលទ្ធផល ៦ប្រកួតឈ្នះ៥ និងចាញ់១។
ផ្អែកលើលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមទាំងពីរសុទ្ធតែទាមទារឈ្នះរៀងៗខ្លួនដើម្បីក្ដោបឱកាសប្រជែងពាន និងឡើងទៅលេងលីគកំពូលនារដូវកាលថ្មី។ គួរដឹងថា ចំពោះក្រុមជើងឯកលីគទី២ ឆ្នាំ២០២១ នេះនឹងទទួលបានសិទ្ធចូលរួមប្រកួតលីគកំពូលកម្ពុជាឆ្នាំ២០២២ ដោយត្រូវជំនួសកៅអីក្រុមសូលទីឡូអង្គរដែលត្រូវកាត់ចេញ បន្ទាប់ពីបញ្ចប់ការប្រកួតរដូវកាលឆ្នាំ២០២១ ដោយឈរបាតតារាង។ ដូច្នេះចាំមើលរវាងក្រុម ISI ដង្កោសែនជ័យ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី តើក្រុមណានឹងត្រូវឡើងបង្គ្រប់កៅអីលីគកំពូលកម្ពុជានារដូវកាលថ្មីឆ្នាំ២០២២ ខាងមុខ?
អត្ថបទ៖ លី ឈុនឡា