សភា Knesset បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សភារបស់ប្រទេសអ៊ីស្រាអែលមួយនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះ បានច្រានចោលការបោះឆ្នោតបឋម ដើម្បីរំលាយស្ថាប័នអង្គនីតិបញ្ញត្តិ បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ទាក់ទងនឹងវិវាទ ជុំវិញការធ្វើកំណែនទាហាន។
ការបោះឆ្នោតដែលអាចជាជំហានដំបូងនាំឲ្យមានការបោះឆ្នោតមុនអាណត្តិ ដោយបើតាមការស្ទង់មតិបង្ហាញថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងរងបរាជ័យនោះ ត្រូវបានច្រានចោល ដោយសមាជិកសភាចំនួន ៦១នាក់ ជំទាស់នឹងការរំលាយ ខណៈ ៥៣រូប គាំទ្រ។

សភា Knesset មាន ១២០អាសនៈ ហើយសំឡេងភាគច្រើនដែលត្រូវការ ដើម្បីអនុម័តការបោះឆ្នោត គឺសមាជិកសភា ៦១រូប។ ការបដិសេនេះផ្តល់ឲ្យក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់លោក Netanyahu នូវពេលវេលាបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួន ហើយបញ្ចៀសកុំឲ្យមានការបោះឆ្នោត ដែលនឹងក្លាយជាការបោះឆ្នោតលើកដំបូងរបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើងជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
លោក Netanyahu បាននិងកំពុងជំរុញយ៉ាងខ្លាំង ក្នុងការដោះស្រាយភាពជាប់គាំង នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក ជុំវិញសេចក្ដីស្នើច្បាប់កេណ្ឌទ័ពថ្មី ដែលនាំឲ្យមានវិបត្តិ នាពេលបច្ចុប្បន្ននេះ៕

