សភារបស់ប្រទេសដាណឺម៉ាកកាលពីថ្ងៃពុធ (ទី១១ ខែមិថុនា) បានអនុម័តសេចក្ដីស្នើច្បាប់ ដើម្បីអនុញ្ញាតឲ្យសហរដ្ឋអាមេរិកមានមូលដ្ឋានយោធា នៅលើដែនដីដាណឺម៉ាក ជាចំណាត់ការមួយដែលកើតឡើង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ស្វែងរកការគ្រប់គ្រងលើដែនដីពាក់កណ្តាលស្វយ័តរបស់ព្រះរាជាណាចក្រមួយនេះ គឺកោះ Greenland។
ក្រុមអ្នករិះគន់លើកឡើងថា ការបោះឆ្នោតអនុម័តនេះ បានប្រគល់អធិបតេយ្យភាពរបស់ដាណឺម៉ាកទៅឲ្យសហរដ្ឋអាមេរិក។ ច្បាប់នេះ ពង្រីកបន្ថែមកិច្ចព្រមព្រៀងយោធាពីមុន ដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២៣ ដោយរដ្ឋបាលរបស់លោក Joe Biden ជាកន្លែងដែលកងទ័ពអាមេរិកមានសិទ្ធិចូលទៅកាន់មូលដ្ឋានទ័ពអាកាសដាណឺម៉ាក។

ការវិវត្តថ្មីនេះកើតឡើងបន្ទាប់ពីមានការចាប់អារម្មណ៍របស់លោក Trump ក្នុងការចង់បានកោះអាកទិកសម្បូរទៅដោយធនធានរ៉ែ និងជាយុទ្ធសាស្ត្រ ទោះបីជាសហរដ្ឋអាមេរិក និងដាណឺម៉ាក គឺជាសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ក៏ដោយ។ ច្បាប់ឥឡូវនេះបានទៅដល់ព្រះមហាក្សត្រដាណឺម៉ាក Frederik X ដើម្បីឡាយព្រះហស្តហត្ថលេខា។ សមាជិកសភា ៩៤រូប បានបោះឆ្នោតគាំទ្រច្បាប់នេះ ខណៈ ១១រូប ប្រឆាំង។
នាយករដ្ឋមន្ត្រីដែនដី Greenland នៅមុននេះ បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកអំពីកោះនេះ បង្ហាញពីការមិនគោរព ហើយវា «នឹងគ្មានថ្ងៃក្លាយជាទ្រព្យសម្បត្តិដែលអាចទិញបានដោយនរណាម្នាក់ជាដាច់ខាត»៕
