អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានងាកទៅរកតុលាការកំពូលកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដកសំណុំរឿងក្ដីពីគណៈកម្មាធិការសភា ដែលស៊ើបអង្កេតការបះបោរកាលពីថ្ងៃទី៦ ខែមករានៅវិមានកាពីតូល។ តុលាការឧទ្ធរណ៍សហព័ន្ធបានសម្រេចប្រឆាំងលោក Trump កាលពីពីរសប្តាហ៍មុន ប៉ុន្តែឯកសារដែលបានរក្សាទុកនៅបណ្ណាសារជាតិមិនត្រូវបានប្រគល់ឲ្យវិញ មុនពេលតុលាការកំពូលបើកសវនាការ។

លោក Trump បានតែងតាំងចៅក្រម ៣រូបក្នុងចំណោមអ្នកទាំង ៩រូប។ លោក Trump កំពុងអះអាងថា ក្នុងនាមជាអតីតប្រធានាធិបតី លោកមានសិទ្ធិអះអាងសិទ្ធិប្រតិបត្តិលើសំណុំរឿងដោយលើកហេតុផលថា ការបញ្ចេញសំណុំរឿងក្ដីទាំងនោះនឹងធ្វើឱ្យខូចដល់តំណែងប្រធានាធិបតីនាពេលអនាគត។ សំណុំរឿងទាំងនោះរួមមានកំណត់ហេតុប្រចាំថ្ងៃរបស់ប្រធានាធិបតី កំណត់ហេតុអ្នកចូលរួម សេចក្តីព្រាងសុន្ទរកថា លិខិតដែលសរសេរដោយដៃ "ទាក់ទងនឹងព្រឹត្តិការណ៍នាថ្ងៃទី៦ ខែមករា ពីសំណុំឯកសាររបស់អតីតប្រធានបុគ្គលិកសេតវិមានលោក Mark Meadows និង "សេចក្តីព្រាងបទបញ្ជាប្រតិបត្តិលើប្រធានបទសុចរិតភាពនៃការបោះឆ្នោត នេះបើយោងតាមឯកសារតុលាការនាពេលកន្លងមកពីបណ្ណាសារជាតិអាមេរិក។ ដោយលើកទឡ្ហីករណ៍ដដែល ដែលពួកគេបានធ្វើនៅចំពោះមុខតុលាការថ្នាក់ទាប មេធាវីរបស់លោក Trump បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ថា ករណីនេះទាក់ទងនឹងអ្នកគ្រប់គ្រងសេតវិមាននាពេលអនាគតទាំងអស់។

ការដាក់ពាក្យបណ្ដឹងរបស់ពួកគេបានកើតឡើងនៅថ្ងៃ ដែលដីការដ្ឋបាលដែលចេញដោយសាលាឧទ្ធរណ៍ត្រូវផុតកំណត់។ គណៈកម្មាធិការសភាបាននិយាយថា សំណុំរឿងទាំងនេះមានសារៈសំខាន់ណាស់ សម្រាប់ការស៊ើបអង្កេតរបស់ខ្លួនពាក់ព័ន្ធនឹងករណីបះបោរដ៏សាហាវ ដែលមានបំណងលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ មុន និងក្រោយកុប្បកម្ម លោក Trump បានផ្សព្វផ្សាយទ្រឹស្ដីមិនពិតអំពីការក្លែងបន្លំការបោះឆ្នោត ហើយបានលើកឡើងថា "ការបះបោរពិតប្រាកដ" គឺនៅថ្ងៃបោះឆ្នោត នៅពេលដែលលោកបានចាញ់លោក Biden ក្នុងការបោះឆ្នោត ដែលបញ្ជាក់ដោយក្រុមមន្ត្រីមកពីគណបក្សទាំង២ ថាមានភាពយុត្តិធម៌៕
អត្ថបទ៖ សុខមាន