នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk កាលពីថ្ងៃពុធ (ទី១១ ខែមិថុនា) បានប្រាប់សមាជិកសភាថា ប្រទេសប៉ូឡូញទំនងជានឹងណែនាំការគ្រប់គ្រងដោយផ្នែកៗ នៅតាមព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ នារដូវក្តៅ ប្រសិនបើចំនួននៃការឆ្លងកាត់របស់ជនអន្តោប្រវេសន៍ នៅតែបន្តកើនឡើង។
ក្រុមកាន់អំណាចសេរីនិយមរបស់លោក Tusk បានប្រឈមនឹងការចោទប្រកាន់ពីក្រុមប្រឆាំងជាតិនិយម ដែលថា រដ្ឋាភិបាលបាននិងកំពុងទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងចំនួនដ៏ច្រើន ដែលត្រូវបានបញ្ជូនត្រលប់ពីប្រទេសអាល្លឺម៉ង់ ដោយផ្អែកលើច្បាប់របស់សហភាពអឺរ៉ុប (EU)។ តែរដ្ឋាភិបាលអះអាងថា ចំនួនមានកម្រិតតិចណាស់។

លោក Tusk បានប្រាប់ថា រាល់ក្រុមជនអន្តោប្រវេសន៍ដែលត្រូវបានបញ្ជូនត្រលប់ពីអាល្លឺម៉ង់ នឹងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។ លោកបានបញ្ជាក់បន្ថែមថា៖ «ប្រសិនបើស្ថានភាព នៅតាមព្រំដែន និងភាពតានតឹងកាន់តែអាក្រក់ទៅៗ ខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចដាក់ចេញនូវការគ្រប់គ្រងបណ្តោះអាសន្ននោះទេ។ វាទំនងជាថា យើងនឹងដាក់ចេញនូវរគ្រប់គ្រងដោយផ្នែកៗ នៅតាមព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ នារដូវក្តៅ»។
ជាមួយគ្នានេះ លោក Tusk ក៏បានលើកឡើងផងដែរថា លោកមិនច្រានចោលការរឹតបន្តឹងការធ្វើដំណើរដោយគ្មានទិដ្ឋាការពីប្រទេសមួយចំនួន ដែលពលរដ្ឋរបស់ប្រទេសទាំងនោះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងឧប្បត្តិហេតុឧក្រិដ្ឋកម្ម នៅប្រទេសប៉ូឡូញ ដូចជាហ្សកហ្ស៊ីជាដើម៕

