បណ្តាញទូរទស្សន៍ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះថា យន្តហោះ Boeing 787-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលមានមនុស្សយ៉ាងតិច ២៤២នាក់នៅលើនោះ បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា។ ជើងហោះហើរនេះនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស។
ហើយតាមសេចក្ដីរាយការណ៍បថមបានឲ្យដឹងថា មានអ្នកស្លាប់យ៉ាងហោចណាស់ ៤០នាក់ ក្រោយមានឧបទ្ទវហេតុនេះ។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ជើងហោះហើរលេខ AI 171 បានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុ នៅថ្ងៃនេះ។ តាមរូបភាព បានបង្ហាញពីកម្ទេចកម្ទីដែលឆេះ ដោយមានផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹកហុយឡើងទៅលើមេឃក្បែរអាកាសយានដ្ឋាននោះ។
ក្រុមហ៊ុនអាកាសចរណ៍ Air India បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅពេលនេះ យើងកំពុងស្វែងរកព័ត៌មានលម្អិត ហើយនឹងចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀត នាពេលឆាប់ៗ»៕
