បាល់ទាត់៖ ក្រុមវៀតណាមបានស្គាល់បរាជ័យលើកដំបូងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយក្រោមស្នាដៃក្រុមក្នុងតំបន់អាស៊ាន ក្រោយចាញ់ថៃ ២-០ យប់មិញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ AFF Championship។ ខ្សែបម្រើក្លិបជប៉ុន Consadole Sapporo កីឡាករ Chanathip Songkrasin គឺជាវិរៈបុរសក្នុងការប្រកួតនេះដោយរកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជំនះ ២-០ របស់ថៃលើក្រុមវៀតណាមនេះ។

គ្រាប់ដំបូងរបស់ថៃកើតឡើងពីកំហុសរបស់ខ្សែការពារវៀតណាមនៅនាទីទី១៤ មុននឹងគ្រាប់ទីពីរកើតឡើងនៅនាទីទី២៣។ Chanathip ក៏មានឱកាសរកបានគ្រាប់ Hat-Trick របស់ខ្លួនដែរនៅជិតចប់ការប្រកួតតែបាល់ ១១ម៉ែត្ររបស់គេស៊ុតមិនចូលក្រោយសង្គ្រោះបានដោយអ្នកចាំទីវៀតណាម Tran Nguyen Manh។ ក្រោយចប់ការប្រកួតប្រធានក្រុមថៃ Chanathip ឱ្យដឹងថា ពីរគ្រាប់របស់គេគឺកើតឡើងពីការសហការរបស់ក្រុមទាំងមូល ពោលគឺកីឡាករក្នុងក្រុមទាំងអស់លេងដោយទំនុកចិត្ត។ ចំណែកគ្រូបង្វឹកថៃលោក Alexander Polking និយាយថា ២គ្រាប់នេះជាលទ្ធផលដ៏មានសារសំខាន់របស់យើង តែមិនទាន់ចប់ទេ ពួកយើងមិនអាចភ្លេចខ្លួនបានទេ។

រីឯគ្រូបង្វឹកវៀតណាមលោក Park Hang-Seo វិញនិយាយថា ក្រុមទាំងពីរលេងដោយសំពាធរៀងខ្លួន ប្រយ័ត្នគ្នារឿងខ្លួន តែលោកមិនសប្បាយចិត្តទេដែលពីរគ្រាប់កើតឡើងស្រួលពេក ដែលនេះជាបញ្ហារបស់ក្រុមលោក។ សូមបញ្ជាក់ថា នេះជាបរាជ័យលើកដំបូងរបស់វៀតណាមក្រោមស្នាដៃក្រុមនៅក្នុងតំបន់អាស៊ាន ខណៈក្រុមរបស់លោក Park Hang-Soe មិនដែលចាញ់ក្រុមក្នុងតំបន់ឡើយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយរឺ ៣៥ប្រកួតជាប់គ្នា។ ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងថៃ និងវៀតណាមនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ