អាជ្ញាធររូបិយវត្ថុប៉ាឡេស្ទីន (PMA) កាលពីថ្ងៃពុធ (ទី១១ ខែមិថុនា) បានលើកឡើងថា ចំណាត់ការរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កិច្ចសហប្រតិបត្តិការជាមួយធនាគារប៉ាឡេស្ទីន អាចបញ្ឈប់ការផ្គត់ផ្គង់ទំនិញសំខាន់ៗ ដូចជាអាហារ និងប្រេងឥន្ធនៈដល់ដែនដីប៉ាឡេស្ទីន។
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានបញ្ជាឲ្យលុបចោលការលើកលែង ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងធនាគារអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាចំណាត់ការមួយដែលធ្វើឲ្យប្រព័ន្ធធនាគារ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងមូលរបស់ប៉ាឡេស្ទីនស្ថិតក្នុងហានិភ័យ។ ធនាគារអ៊ីស្រាអែល Hapoalim និង Israel Discount Bank មានប្រតិបត្តិការជាមួយធនាគារប៉ាឡេស្ទីន។

គួរបញ្ជាក់ថា បើតាមទិន្នន័យផ្លូវការ បង្ហាញថា ទឹកប្រាក់ប្រាមាណជា ៥៣ពាន់លានសេកេល (១៥ពាន់លានដុល្លារ) ត្រូវបានដោះដូរ នៅធនាគារប៉ាឡេស្ទីន ក្នុងឆ្នាំ២០២៣។
ការលុបចោលការលើកលែងនេះ នឹងតម្រូវឲ្យមានការយល់ព្រមពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល។ តែនៅពេលនេះ មិនទាន់មានការកំណត់កាលបរិច្ឆេទនៅឡើយទេ សម្រាប់ការបោះឆ្នោត ហើយក៏មិនទាន់មានភាពប្រាកដប្រជាផងដែរថា តើសំណើនេះនឹងទទួលបានការអនុម័តដែរ ឬអត់។ PMA បានប្រាប់ថា ខ្លួនកំពុងតាមដានការវិវត្ត និងបានព្រមានថា ការរំខានបែបនេះ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់លទ្ធផលទទួលបានទំនិញប្រើប្រាស់ និងសេវាកម្មមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន។
ស្ថាប័ននេះបានកត់សម្គាល់ថា ខ្លួនមានការសម្របសម្រួលជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំនយោបាយ និងសហគមន៍អន្តរជាតិ ដើម្បីការពារទំនាក់ទំនងប្រព័ន្ធធនាគារ៕
