អាមេរិក៖ ប្រព័ន្ធព្យុះរដូវរងាអាចមានន័យថា ជាបុណ្យណូអែលពណ៌សដ៏កម្រនៅក្នុងផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដោយព្រិលអាចនឹងធ្លាក់ដល់កម្ពស់ ៣ម៉ែត្រនៅក្នុងតំបន់ខ្លះ។ យោងតាមមន្ទីរព្យាករណ៍អាកាសធាតុជាតិនិយាយថា ព្យុះនេះត្រូវបានគេរំពឹងថានឹងវាយប្រហារតំបន់នៅជិតកម្រិតទឹកសមុទ្រ រួមទាំងរដ្ឋ Oregon និង Washington។

ទន្ទឹមនឹងនេះព្រិលអាចធ្លាក់ខ្លាំងមានកម្រាស់ដល់ទៅ ៣ម៉ែត្រនៅភាគកណ្ដាលតំបន់ជួរភ្នំ Sierra Nevadas។ គេរំពឹងថាអ្នកស្រុកភាគច្រើននៅតំបន់ភ្នំ Sierra Nevadas នឹងទទួលរងការធ្លាក់ព្រិលកម្រាស់ពី ១,៥ម៉ែត្រទៅ ២,៤ម៉ែត្រ។ ប្រជាពលរដ្ឋត្រូវបានជំរុញឱ្យចៀសវាងការធ្វើដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ព្រោះស្ថានភាពបើកបរអាចបង្កគ្រោះថ្នាក់។ មន្ទីរព្យាករណ៍អាកាសធាតុជាតិបានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា "ព្យុះតំបន់ប៉ាស៊ីហ្វិកជាបន្តបន្ទាប់នឹងនាំបង្កឲ្យមានភ្លៀងធ្លាក់ និងព្រិលធ្លាក់ខ្លាំងទៅកាន់ភាគខាងលិចសហរដ្ឋអាមេរិក រហូតដល់ចុងសប្ដាហ៍នៃពិធីបុណ្យណូអែល៕
អត្ថបទ៖ សុខមាន