ក្រុមប្រឹក្សានៃទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះ បានរកឃើញជាផ្លូវការថា អ៊ីរ៉ង់មិនបានអនុវត្តតាមកាតព្វកិច្ចនុយក្លេអ៊ែររបស់ខ្លួនឡើយ ជាចំណាត់ការដែលអាចនាំឲ្យមានភាពតានតឹងបន្ថែមទៀត និងចាប់ផ្ដើមឡើងវិញនូវកិច្ចប្រឹងប្រែងស្តារទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ នៅចុងឆ្នាំនេះ។
បើយោងតាមអ្នកការទូតដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពណ៌នា អំពីលទ្ធផលនៃការបោះឆ្នោតបិទទ្វារនេះ បានឲ្យដឹងថា ប្រទេសចំនួន ១៩ នៅក្រុមប្រឹក្សារបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលតំណាងឲ្យប្រទេសជាសមាជិករបស់ទីភ្នាក់ងារនេះ បានបោះឆ្នោតគាំទ្រឲ្យមានសេចក្ដីសម្រេចនេះ។ រុស្ស៊ី ចិន និងបួគីណាហ្វាសូ បោះឆ្នោតជំទាស់ ហើយមានអនុបវាទ ១១សំឡេង ខណៈ ២ប្រទេស មិនបោះឆ្នោត។
នៅក្នុងសេចក្តីព្រាងសេចក្ដីសម្រេច ក្រុមប្រឹក្សាបន្តអំពាវនាវដល់អ៊ីរ៉ង់ឲ្យផ្តល់ចម្លើយ «ដោយគ្មានការពន្យាពេល» នៅក្នុងការស៊ើបអង្កេតដ៏យូរមួយ ជុំវិញដានរបស់សារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានរកឃើញនៅទីតាំងជាច្រើនដែលទីក្រុងតេអេរ៉ង់មិនបានប្រកាសថា ជាទីតាំងនុយក្លេអ៊ែរ។
មន្ត្រីលោកខាងលិចសង្ស័យថា ដានសារធាតុអ៊ុយរ៉ានីញ៉ូម អាចផ្តល់ភស្តុតាងថា អ៊ីរ៉ង់មានកម្មវិធីអាវុធនុយក្លេអ៊ែរសម្ងាត់ រហូតដល់ឆ្នាំ២០០៣។ សេចក្ដីសម្រេចនេះត្រូវបានដាក់ចេញដោយប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអ៊ីរ៉ង់មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះការបោះឆ្នោតនេះ តែបានគំរាមឆ្លើយតបភ្លាមៗ៕