នគរបាលក្នុងស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សាកសពមនុស្សជាង ១០០នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យនៅទីក្រុង Ahmedabad ក្រោយហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌា ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមឆ្លើយតបដំបូង បានប្រឹងប្រែងធ្វើការ ដើម្បីពន្លត់អគ្គិភ័យនៅកន្លែងធ្លាក់យន្តហោះ ក្រោយវាហោះចេញពីទីក្រុងភាគខាងលិច Ahmedabad នារសៀលថ្ងៃព្រហស្បតិ៍នេះ ។
បំណែក និងកម្ទេចកម្ទីយន្តហោះ ត្រូវបានគេមើលឃើញរាយប៉ាយពាសពេញដី ខណៈផ្សែងនៅតែបន្តហុយចេញពីអគាររងការឆាបឆេះ ដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ភ្លើង ។
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និយាយថា យន្តហោះនេះ បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Gatwick របស់អង់គ្លេស មុនពេលវាធ្លាក់ក្រោយហោះឡើងភ្លាមៗ ខណៈក្រុមមន្រ្តីនគរបាល និយាយថា វាបានធ្លាក់នៅតំបន់ជនស៊ីវិលជិតអាកាយយានដ្ឋាន ។
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និយាយទៀតថា ជើងហោះហើរដែលបានចាកចេញពីទីក្រុង Ahmedabadស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា កាលពីវេលាម៉ោង ១ និង ៣៨នាទីរសៀលម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ ដោយដឹកអ្នកដំណើរ និងអាកាសយានិកចំនួន ២៤២នាក់ នៅលើយន្តហោះ Boeing 787-8 ។
នៅក្នុងចំណោមពួកគេ មានជនជាតិឥណ្ឌា ១៦៩នាក់ ជនជាតិអង់គ្លេស ៥៣នាក់ ជនជាតិកាណាដាម្នាក់ និងជនជាតិព័រទុយហ្គាល់ ៧នាក់ ។ គ្រោះថ្នាក់ជាច្រើន ត្រូវបានគេព្រួយបារម្ភថានឹងកើតមាន ៕