ប្រទេសអូម៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) បានឲ្យដឹងថា ខ្លួននឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចចរចានុយក្លេអ៊ែរជុំទី៦ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាចុងសប្តាហ៍ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងគូអរិដ៏យូរអង្វែងនេះ។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេស លោក Badr Albusaidi បានប្រាប់ថា៖ «ខ្ញុំមានក្ដីសោមន្សរីករាយក្នុងការបញ្ជាក់ឲ្យដឹងថា ជុំទី ៦ នៃកិច្ចពិភាក្សាសហរដ្ឋអាមេរិក-អ៊ីរ៉ង់ នឹងធ្វើឡើងនៅទីក្រុង Muscat នាថ្ងៃអាទិត្យនេះ»។
គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបើកការចរចាចំនួន ៥ជុំមកហើយ ចាប់តាំងពីខែមេសា ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ដើម្បីយកមកជំនួសកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលលោក Donald Trump បានបោះបង់ចោល អំឡុងអាណត្តិដំបូងរបស់លោក កាលពីឆ្នាំ២០១៨។
ការប្រកាសរបស់ប្រទេសអូម៉ង់នេះបានកើតមានឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Trump បាននិយាយថា បុគ្គលិកអាមេរិកកំពុងត្រូវបានផ្លាស់ចេញពីតំបន់មជ្ឈិមបូព៌ាដែលអាចមាន «គ្រោះថ្នាក់» នាពេលខាងមុខ។
លោក Trump ក៏បានបញ្ជាក់ជាថ្មីថា លោកនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់មានគ្រាប់បែកបរមាណូឡើយ ចំពេលមានការរំពឹងទុកថា អ៊ីស្រាអែលអាចវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ កាលពីថ្ងៃពុធ អ៊ីរ៉ង់បានគំរាមកំណត់គោលដៅមូលដ្ឋានយោធាអាមេរិក ក្នុងតំបន់ ប្រសិនបើជម្លោះផ្ទុះឡើង៕