សា្ថនទូតបានឲ្យដឹងថា លោកស្រី Lynne Tracy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅប្រទេសរុស្ស៊ី នឹងចុះចេញពីមុខតំណែងឆាប់ៗនេះ បន្ទាប់ពីបំពេញតួនាទី ក្នុងរយៈពេលដ៏តានតឹង និងលំបាកបំផុត ក្នុងទំនាក់ទំនង រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន។
លោកស្រី Tracy ដែលជាអ្នកការទូតអាជីព បានទៅដល់ទីក្រុងមូស្គូ ក្នុងខែមករា ឆ្នាំ២០២៣ ហើយត្រូវបានស្វាគមន៍ដោយក្រុមបាតុករដោយស្រែកពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក នៅពេលដែលលោកស្រីទៅក្រសួងការបរទេស ដើម្បីបង្ហាញលិខិតបញ្ជាក់អត្តសញ្ញាណរបស់លោក។ រុស្សីបានចោទសួរពីភាពស័ក្តិសមរបស់លោកសម្រាប់តួនាទីនេះ ដោយលើកឡើងថា លោកស្រីប្រហែលជាស័ក្តិសមនៅក្នុងក្រុមរិះគន់រុស្ស៊ីច្រើនជាង។
អាណត្តិរបស់លោកស្រីត្រូវបានគ្របដណ្ដប់ដោយសង្រ្គាមអ៊ុយក្រែន ដែលបានធ្វើឲ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីធា្លក់ចុះដល់កម្រិតមួយដែលត្រូវបានពិពណ៌នាដោយវិមានក្រឹមឡាំងកាលពីឆ្នាំមុនថា «ទាបជាងសូន្យ»។
យ៉ាងណាក្ដី លោកស្រីបានចូលរួមគួរឲ្យកត់សម្គាល់ ក្នុងកិច្ចប្រឹងប្រែង ដើម្បីទទួលបានការដោះលែងពលរដ្ឋអាមេរិកដែលជាប់ពន្ធនាគារ នៅប្រទេសរុស្ស៊ី ក្នុងនោះរួមទាំងអ្នកសារព័ត៌មាន លោក Evan Gershkovich និងអតីតទាហានម៉ារីន លោក Paul Whelan ដែលត្រូវបានដោះលែង កាលពីខែសីហាឆ្នាំ២០២៤ ជាផ្នែកមួយនៃការដោះដូរអ្នកទោសដ៏ធំមួយ រវាងលោកខាងកើត និងខាងលិច៕